ក្រុង​សា​ណាៈ ​គ្រូពេទ្យ ​និង​កង​កម្លាំង​ក្រុម​ឧទ្ទាម​ បាន​និយាយ​កាល​ពី​​ថ្ងៃ​សៅរ៍​ថា ​ជន​ស៊ីវិល ​៩ ​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នា​ពេល​រាត្រី​នៅ​ភាគ​ខាង​កើត​ក្រុង ​Taez​ នៃ​ប្រទេស ​យេម៉ែន​។

គ្រូពេទ្យ​ម្នាក់​ នៅ​មន្ទីរពេទ្យ​ Al-Thawra ​បាន​ថ្លែង​ប្រាប់​ AFP ​ថា ​ក្មេង ​២ ​នាក់ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ ៩ ​នាក់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​​របស់​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​ប្រយុទ្ធ​គាំទ្រ​រដ្ឋាភិបាល​។ ​

គ្រូពេទ្យ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​នាក់​ទៀត​ បាន​រង​របួស​។​

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន ​Saba ​ដែល​គ្រប់គ្រង​​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ឧទ្ទាម​ហ៊ូធី ​បាន​និយាយ​ថា ក្រុម​ចម្រុះ​នោះ ​បាន​យក​ស្ថានីយ​ប្រេង​នៅ​ក្នុង​ខេត្ត​ Taez ​ជា​គោលដៅ​។​

ក្រុង ​Taez ​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កង​កម្លាំង​គាំទ្រ​​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​និង​ប្រទេស ​អារ៉ាប់​រួម​​។​​​

នៅ​ក្នុង​ក្រុង​សាណា ​បុណ្យ​សព​ត្រូវ​បាន​រៀបចំ​ធ្វើ​សម្រាប់​មនុស្ស ​៦ ​នាក់ ​នៅ​ក្នុង​នោះ​មាន​បង​ប្អូន ​៤​​នាក់​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​កាល​ពី​សប្តាហ៍​មុន។

ជម្លោះ​រយៈពេល ​៤ ​ឆ្នាំ ​នៅ​ប្រទេស ​យេម៉ែន​ បាន​បង្ក​ឲ្យ​អ្វី ​ដែល​អង្គការ​សហប្រជាជាតិ​ ចាត់​ទុក​ថា​ជា​វិបត្តិ​មនុស្ស​ធម៌​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក​ ដោយ​មនុស្ស​​ជាង​ ​២៤ ​លាន​នាក់ ​ជាង ​២ ​ភាគ ​៣ នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង​។

ប្រជាជន​រាប់​ម៊ឺន​នាក់​ ភាគ​ច្រើន​ជា​ជន​ស៊ីវិល ​បាន​ស្លាប់​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​នេះ​៕ AFP/PSA