ក្រុង​ទ្រី​ប៉ូលីៈ ​ក្រសួង​សុខា​ភិ​បាល​របស់​រដ្ឋា​ភិ​បាល​បង្រួប​បង្រួមបាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុម​ជន​ស៊ី​វិល​យ៉ាង​តិច​ ៥​ នាក់​បាន​ស្លាប់​ និង​ ១០​ នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អា​កាស​ជា​ច្រើន​លើក​នៅ​ពេល​យប់​ នៅ​ជាយ​ក្រុង​នៃ​រដ្ឋ​ធា​នី​ទ្រី​ប៉ូលី​។​

​អ្នក​នាំ​ពាក្យ​លោក​ អា​មីន​ អាល់-​ហា​ស៊ី​មី ​បាន​ថ្លែង​ថា​៖ «​ការ​វាយ​ប្រហារ​ហិង្សា​ផ្លូវ​អា​កាស​ជា​ច្រើន​លើក​ ទៅ​លើ​តំបន់​លំ​នៅ​ដ្ឋាន​នៃ​សង្កាត់​អាល់​-ស្វា​នី​ បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ី​វិល​ ៥​ នាក់​ស្លាប់​ និង​ ១០​ នាក់​ផ្សេង​ទៀត​រង​របួស​ មាន​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​»​។​

​លោក​ ហា​ស៊ី​មី​ បាន​រាយ​ការណ៍​ថា​ មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ក្រោយ​ពី​វាយ​ប្រហារ​ផ្លូវ​អា​កាស ​ទៅ​លើ​សង្កាត់​អាល់-​ស្វា​នី​ ចម្ងាយ​ប្រហែល​ ២៥​ គី​ឡូ​ម៉ែត្រ​ ពី​កណ្តាល​ទី​ក្រុង​ទ្រី​ប៉ូ​លី​ភាគ​ខាង​ត្បូង​។ ​លោក​បាន​ថ្លែង​ថា​ គ្មាន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​យោ​ធា​នៅ​ក្នុង​តំបន់​នោះ​ទេ​។​

​ក្រុង​ទ្រី​ប៉ូលី​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​វាយ​ប្រហារ​បណ្តាល​ឲ្យ​មនុស្សស្លាប់​​អស់​ជា​ច្រើន​ខែ​ ចាប់​តាំង​ពី​យោ​ធា​មាន​មូល​ដ្ឋាន​នៅ​ភាគ​ខាង​កើត​របស់​បុរស​ខ្លាំង​ ហ្គា​លី​ហ្វា​ ហាហ្វ​តារ​ បាន​បើក​ការ​ប្រយុទ្ធ​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ខែ​មេ​សា​ ដើម្បី​ដណ្តើម​កាន់​កាប់​យក​រដ្ឋ​ធានី​មួយ​នេះ​ ចេញ​ពី​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​គាំ​ទ្រ​ដោយ​រដ្ឋាភិ​បាល​បង្រួប​បង្រួម​ជាតិ ​(GNA)​ បាន​ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ​នោះ​៕SK ​