ក្រុងឌូបៃ៖ ក្រុមមន្ត្រីបានថ្លែងកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១០០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ហើយពួកគេបានស្តីបន្ទោសទៅលើក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែនភូមិភាគកណ្តាល។
ការវាយប្រហារកាលពីថ្ងៃសៅរ៍ បានធ្វើឡើងបន្ទាប់ពីអនុវត្តឲ្យមានការបន្ធូរបន្ថយសង្គ្រាម រវាងក្រុមឧទ្ទាមហ៊ូធីបានគាំទ្រដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលបានទទួលស្គាល់ដោយអន្តរជាតិនៅយេម៉ែន ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត។
ប្រភពយោធាបានថ្លែងប្រាប់ AFP ថា ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារទៅលើវិហារអ៊ិស្លាមមួយ នៅក្នុងបន្ទាយយោធា ១ កន្លែង នៅកណ្តាលខេត្តម៉ារីប ចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រ នៅរដ្ឋធានីសាណាភាគខាងកើត នៅអំឡុងពេលពួកគេបួងសួងនៅពេលល្ងាច។
ក្រសួងការបរទេសយេម៉ែនបានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «យើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មទៅលើវិហារអ៊ិស្លាម ១ កន្លែង ដោយក្រុមជីវពលហ៊ូធី ដែលបានបណ្តាលឲ្យមនុស្សជាង ១០០ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស»។
អ្នកនាំពាក្យយោធាបានថ្លែងថា អ្នកស្លាប់រួមមានទាហាន និងជនស៊ីវិល ហើយក្រុមឧទ្ទាមហ៊ូធីនោះអាចនឹងប្រឈមមុខទៅនឹងការវាយប្រហារសងសឹកវិញ «យ៉ាងខ្លាំងក្លា» បំផុត។
ក្រុមជនរងគ្រោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យខេត្តម៉ារីប ជាទីកន្លែងដែលប្រភពគ្រូពេទ្យកាលពីពេលថ្មីៗនេះបានផ្តល់ចំនួនអ្នកស្លាប់ថាមាន ៨០ នាក់ ហើយ ១៤៨ នាក់ផ្សេងទៀតរងរបួស។
ចំនួនអ្នកស្លាប់នៅក្នុងជម្លោះកាន់តែខ្លាំងឡើងនៅយេម៉ែន ជាញឹកញាប់កើតឡើងដោយសារជម្លោះយោធា ប៉ុន្តែនៅក្នុងបញ្ជីឈ្មោះចំនួនអ្នកស្លាប់ និងរងរបួសយ៉ាងច្រើននៅក្នុងខេត្តម៉ារីប បានបង្ហាញថា ជាការវាយប្រហារមួយនៅក្នុងចំណោមការវាយប្រហារយ៉ាងបង្ហូរឈាមតែមួយគត់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីឆ្នាំ ២០១៤ នៅពេលក្រុមឧទ្ទាមបានដណ្តើមកាន់កាប់យកទីក្រុងសាណា។
ក្រុមឧទ្ទាមហ៊ូធីមិនបានអះអាងទទួលខុសត្រូវភ្លាមៗ ណាមួយនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ Al-Hadath របស់អារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញរូបភាពវីដេអូមួយ ដែលខ្លួនបានបង្ហាញអំពីការវាយប្រហារគួរឲ្យស្អប់ខ្ពើមនោះ៕ AFP/SK