ក្រុងកាប៊ុលៈ ​ក្រុម​តាលីបង់ ​កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​ដាក់​ក្នុង​​រថយន្ត​យ៉ាង​ខ្លាំង​ក្លា​មួយ​នៅ​ក្រុង​កាប៊ុល ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​សង្កាត់​នានា​ដែល​នៅ​ជុំវិញ​នោះ​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៤ ​នាក់​ ស្លាប់​ និង​ជាង​ ១០០ ​នាក់​ទៀត​​រង​របួស ​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​នៅ​ក្រុង​អាហ្វ​ហ្គានី​ស្ថាន​។

នៅ​ក្នុង​សារ​ដ៏​ក្រៀម​ក្រំ​មួយ​ ក្រុម​សកម្ម​ប្រយុទ្ធ​ បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​វាយ​ប្រហារ​ឲ្យ​បាន​ច្រើន​​បន្ថែម​ទៀត​នៅ​ក្នុង​ក្រុង​នេះ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តែងតាំង​អតីត​ប្រធាន​ចារកម្ម​ និង​លោក ​Amrullah Saleh ​និងជា​ទាហាន​ជើង​ចាស់​ម្នាក់ ប្រឆាំង​ក្រុម​តាលី​បង់​ ជា​រដ្ឋមន្ត្រី​មហា​ផ្ទៃ​នោះ​។

ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ នៅ​ក្បែរ​បរិវេណ​ក្រសួង​ការ​បរទេស​​ បាន​ធ្វើ​ឲ្យ​កក្រើក​ក្រុង​កាប៊ុល​ ហើយ​ការ​ផ្ទុះ​នោះ​បាន​កើត​ឡើង ​ខណៈ​ក្រុម​អ្នក​ការ​ទូត​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល​ ១៧ ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​​ អាហ្វ​ហ្គានី​ស្ថាន ​ដែល​មាន​ការ​វាយ​តម្លៃ​មួយ​ចំនួន​ថា ​គឺ​ជា​ជម្លោះ​​បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​​បំផុត​នៅ​ក្នុង​​ពិភព​លោក​នៅ​ឆ្នាំ​ ២០១៨​។

កម្លាំង​នៃ​ការ​បំ​ផ្ទុះ​នោះ​ បាន​ធ្វើ​ឲ្យ​រញ្ជួយ​នៅ​ទូ​ទាំង​ក្រុង​កា​ប៊ុល​ ​ដោយ​ពី​ដំបូង​បង្ក​ឲ្យ​​មាន​ការ​យល់​​ច្រឡំ​ទី​តាំង​​ពិត​ប្រាកដ​នៃ​ការ​​វាយ​ប្រហារ​នោះ​។

ការ​វាយ​ប្រហារ​នោះ​ បាន​ធ្វើ​ឲ្យ​ផ្ទះ​សំបែង​ និង​ហាង​លក់​ទំនិញ​ជា​ច្រើនត្រូវ​បិទ​ទ្វារ ហើយ​​ពលរដ្ឋ​អាហ្វហ្គា​នី​ស្ថាន ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គេ៕ AFP/SK