ក្រុងម៉ូស្គូ: យោងតាម​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះវិហារ​គ្រិស្ត​អរថូដុក កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សាធារណរដ្ឋ​ឆេឆេនី នៅ​រុស្ស៊ី​ភាគ​ខាងត្បូង​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ជា​ជន​មូស្លីម បាន​សម្លាប់​ភ្នាក់ងារ​ប៉ូលិស ២ នាក់ និង​ជន​ស៊ីវិល​ម្នាក់ និង​បាន​បណ្តាល​ឲ្យ​ក្រុម​ឧទ្ទាម ៤ នាក់​ស្លាប់។

ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា៖ «យោងតាម​ប្រភពព័ត៌មាន​ជាបឋម ភ្នាក់ងារ​ប៉ូលិស ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​នៅ​ព្រះវិហារ​គ្រិស្ត និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់»។ ពួកគេ​បាន​បន្ថែម​ថា «ក្រុម​ឧទ្ទាម ៤ នាក់​ត្រូវ​បាន​សម្លាប់» ខណៈ​ភ្នាក់ងារ​ប៉ូលិស ២ នាក់​ផ្សេង​ទៀត​បាន​រង​របួស។

ពួកគេ ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា កូនកាំបិត​មួយ និង​កាំភ្លើង​មួយ​ដើម ត្រូវបាន​រក​ឃើញ​លើ​ខ្លួន​របស់​ក្រុម​អ្នក​វាយ​ប្រហារ នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​មាន​គោល​ដៅ​លើ​ព្រះវិហារ​គ្រិស្ត Archangel Michael នៅ​ក្នុង​ក្រុង Grozny ភាគ​កណ្តាល និង​បាន​ថ្លែង​ថា​ក្រុម​ប៉ូលិស បាន​ការពារ​រារាំង «លទ្ធផល​ដ៏​ធ្ងន់ធ្ងរ​ជាង​នេះ និង​ក្រុម​ជន​រង​គ្រោះ​ជា​ច្រើន​នាក់»។

ប្រធានាធិបតី ឆេ​ឆេ​នី លោក Ramzan Kadyrov បាន​ថ្លែងប្រាប់​ក្រុម​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា ក្រុម​ឧទ្ទាម ដែល​ធ្វើ​សកម្មភាព «តាម​ការ​បញ្ជា​របស់​ប្រទេស​លោក​ខាង​លិច​ណាមួយ កំពុង​ស្វែងរក​ដើម្បី​ចាប់​ខ្លួន​ក្រុម​អ្នក​មាន​ជំនឿ​សាសនា​ជា​ចំណាប់​ខ្មាំង» នៅ​ក្នុង​សាធារណ​រដ្ឋ​ដែល​កំពុង​មាន​បញ្ហា​មួយ ជាទី​ដែល​រុស្ស៊ី បាន​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ដ៏​ស្វិត​ស្វាញ ២ ជាមួយ​ក្រុម​អ្នក​បំបែក​រដ្ឋ​កាល​ពី​ជាង ២០ ឆ្នាំ​កន្លង​ទៅ។

បន្ទាប់ពី​ជម្លោះ​ឆ្នាំ ១៩៩៤-១៩៩៦ លើកដំបូង​មក​តំបន់​នេះ​បានប្រែក្លាយ​ទៅជា​តំបន់​អ៊ិស្លាម​កាន់​តែ​ខ្លាំង និង​ភាព​ចលា​ចល បាន​រាល​ដាល​ទៅ​ពេញ​ទូទាំង​តំបន់​កូកាស​ភាគ​ខាងជើង។

នៅក្នុង​ខែមិថុនា​ឆ្នាំ ២០១៥ ក្រុម​ឧទ្ទាម​បាន​ចុះចូល​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លាម (IS) ហើយ​តំបន់​នេះ បាន​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​នៃ​ក្រុម​យុទ្ធជន​ជីហាដ​ដ៏​ច្រើន​លើស​លប់​ទៅ​កាន់​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់៕