ក្រុង​មេដាន៖​ ​យោង​តាម​អាជ្ញាធរ​ដែល​បាន​ពិពណ៌នា​អ្នក​វាយ​ប្រហារ​ដែល​មាន​អាយុ ​២៤ ​ឆ្នាំ ​ថា ​ចចក​មួយ​ក្បាល​ប៉ុណ្ណោះ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​វាយ​ប្រហារ​អត្តឃាត​ម្នាក់​ បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​បង្ក​​ឲ្យ​រូប​គេ​ស្លាប់ ​និង​មនុស្ស ​៦ ​នាក់​ផ្សេង​ទៀត​រង​របួស។​

ហេតុ​ផល​ចំពោះ​ការ​វាយ​ប្រហារ​នោះ ​មិន​ត្រូវ​បាន​ដឹង​ភ្លាមៗ​ទេ ​ប៉ុន្តែ​ប៉ុស្តិ៍​ប៉ូលិស​ជា​ច្រើន ​ជា​ញឹកញយ​គឺ​ជា​គោលដៅ​សម្រាប់​ក្រុម​បដិវត្តន៍​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​មូស្លីម​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ដែល​បាន​តស៊ូ​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម។​

ការ​បំផ្ទុះ​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ​៨ ​និង ​៤៥ ​នាទី​ព្រឹក​នៅ​បរិវេណ​ប៉ុស្តិ៍​ប៉ូលិស​ នៅ​ក្នុង​ក្រុង​ម៉េដាន​នៅ​លើ​កោះ​ស៊ូម៉ាត្រា​នៅ​ក្នុង​អំឡុង​ពេល​ហៅ​បញ្ចី​ឈ្មោះ​វត្តមាន​នៅ​ពេល​ព្រឹក។​

អ្នក​នាំពាក្យ​ប៉ូលិស​លោក​ Dedi Prasetyo ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ហ្សាការ​តា​ថា៖​ «​សម្រាប់​ពេល​នេះ​ យើង​ជឿ​ថា​ គេ​គឺ​ជា​ចចក​មួយ​ក្បាល​ប៉ុណ្ណោះ​»។

លោក​បាន​បន្ថែម​ថា៖ «កង​ប្រឆាំង​ភេរវកម្ម​ និង​ក្រុម​កោសល្យ​វិច័យ​ កំពុង​ត្រួត​ពិនិត្យ​កន្លែង​កើត​អំពើ​ឧក្រិដ្ឋកម្ម​នោះ​»។ ​​​

លោក​បាន​បន្ថែម​ថា​ មនុស្ស​យ៉ាង​តិច ​៦ ​នាក់​បាន​រង​របួស ​នៅ​ក្នុង​ការ​ផ្ទុះ​នោះ​ក្នុង​នោះ​មាន​មន្ត្រី ​៤ ​នាក់​ និង​ជន​ស៊ីវិល ​២ ​នាក់​ ប៉ុន្តែ​របួស​របស់​​ពួក​គេ​មិន​ធ្ងន់ធ្ងរ​ទេ។

អ្នក​វាយ​ប្រហារ​នោះ​ ត្រូវ​កំណត់​អត្តសញ្ញាណ​​ថា​ ជា​និស្សិត​បាន​ពាក់​គ្រឿង​ផ្ទុះ​នៅ​លើ​ខ្លួន​​របស់​គេ ​ប៉ុន្តែ​​មិន​ដឹង​ថា​គ្រឿង​ផ្ទុះ​ប្រភេទ​អ្វី​ទេ៕ AFP