ក្រុង​កាណូៈ​ មេដឹក​នាំកង​ជីវពល​ និងជា​មន្ត្រីក្នុង​តំបន់​ម្នាក់ បាន​ប្រាប់ AFP កាលពី​ថ្ងៃ​អាទិត្យ​ថា​ ជន​សង្ស័យ ​ដែលជា​ក្រុម​ជី​ហាដ​ជ្រុល​និយម​ បូ​កូ​ហា​រ៉ា​ម​ បានបំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ក្រុង​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​ ​បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាង​តិច​៣១នាក់​ស្លាប់។

ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ​ ត្រូវបាន​ធ្វើ​ឡើង​នៅក្នុងក្រុ​ងDamboa នៃ​រដ្ឋBorno កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដោយ​យកប្រជា​ពល​រដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr វិញជាគោល​ដៅ​ ហើយ​ការ​វាយ​ប្រហារ​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ស្នាដៃ​របស់​ក្រុម​បូកូ​ហា​រ៉ាម​។

បន្ទាប់​ពី​​ ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នោះ​រួច​មក​ក្រុម​ជីហាដ​ជ្រុល​និ​យម ​បាន​បាញ់​គ្រាប់​រ៉ុក្កែត សំដៅ​ហ្វូង​មនុស្ស​ ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​កើត​ហេតុ​បណ្តា​ល​ឱ្យ​ចំនួន​អ្នក​ស្លាប់ ​កើន​ឡើង​កាន់​តែ​ខ្ពស់​។

មេ​ដឹក​នាំ​កង​ជីវពល​ម្នាក់​ឈ្មោះ Babakura Kolo បាន​ឲ្យ​ដឹងថា ៖«មាន​ការ​វាយ​ប្រហារ​គ្រាប់​បែក​អត្ត​ឃាត​ចំនួន​ពីរ​លើក​ និង​ការ​បាញ់​គ្រាប់​រ៉ុក្កែតនៅ​​ក្នុងក្រុង Damboa ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣១​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​រង​របួស​»។

លោក​ Kolo បាន​ថ្លែ​ង​ពី​ក្រុង​ Maiduguri ដែល​មាន​ចម្ងាយ​៨៨​គីឡូ​ម៉ែត្រ​ពី​កន្លែង​ក្រុង​នោះ​ថា​ អ្នក​វាយប្រហារ​​អត្ត​ឃាត ​២ ​នាក់​ ក៏​បាន​បំផ្ទុះ​គ្រាប់​បែក​របស់​ពួក​គេ​នៅ​ក្នុង​សង្កាត់​ Shuwari ​និង​សង្កាត់​ Abachari​ នៅ​​ក្នុង​ក្រុង​នោះ នៅ​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​យប់ ដោយ​បណ្តាល​ឲ្យ​​ពល​រដ្ឋ​៦​នាក់ស្លាប់​៕ NS