ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​ដែល​ផល​ប៉ះពាល់​នេះ​មាន​ទំហំ​ស្ទើរ​តែ​ស្មើ​នឹង​ពាក់​កណ្ដាល​សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ​នេះ​បើ​យោង​តាម​កាសែត ​New York Times ​កាល​ពី​ថ្ងៃទី ២៣ ​ខែ​មករា​ កន្លង​ទៅ។

នៅ​ក្នុង​ការ​សិក្សា​ចេញ​ដោយ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​​គ្រោង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ និង​សេណារីយោ​ធ្ងន់ធ្ងរ​បំផុត​ ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​អាច​ទទួល​បាន​​ចាក់វ៉ាក់​សាំង​ពេញ​លេញ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ ​ខណៈ​ប្រទេស​ក្រីក្រ​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​​នៅ​ឡើយ។

ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា​ សេដ្ឋកិច្ច​ពិភព​លោក​នឹង​ទទួល​រង​ការ​ខាតបង់​លើស​ពី ​៩ ពាន់លាន​ដុល្លារ ​ដែល​លទ្ធផល​នេះ​មាន​ទំហំធំ​ជាង​ផល​បូក​ទិន្នផល​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ជប៉ុន​ និង​អាល្លឺម៉ង់​ទៀត​ផង។ បន្ថែម​ពី​នេះ​ជិត​ពាក់​កណ្តាល​នៃ​ទំហំ​នេះ​អាច​នឹង​ជា​​ទំហំ​ខាត​បង់​ពី​ប្រទេស​អ្នក​មាន​ដែល​រួមមាន​ ដូច​ជា​សហរដ្ឋ​អាមេរិក​កាណាដា​ និង​អង់គ្លេស​ជា​ដើម។

នៅ​ក្នុង​សេណារីយោ​មួយ​ទៀត​អ្នក​ស្រាវជ្រាវ​ភាគ​ច្រើន​បាន​ប្រមាណ​ថា ប្រសិន​បើ​ប្រជាជន​ជាង​​ពាក់​កណ្តាល​ប្រទេស​កំពុង​​អភិវឌ្ឍន៍​ទទួល​បាន​ចាក់​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​នេះ​សេដ្ឋកិច្ច​​ពិភព​លោក​នៅ​តែ​ទទួល​រង​ផល​ប៉ះពាល់​ប្រមាណ​ពី​ ១,៨ ​ពាន់​លាន​ដុល្លារ ​ទៅ ​៣,៨ ពាន់​លាន​​ដុល្លារ។​ ដូច​គ្នា​នេះ​ដែរ​ ពាក់​កណ្ដាល​នៃ​ចំនួន​ដែល​ខាតបង់​នេះ​ គឺ​ជា​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ទាំង ៣ ខាង​លើ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើ​ភាពគ្នា ​គឺ​ប្រៀប​ដូច​ជា​ការ​ចែកផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ជា​ពិសេស​ប្រទេស​ដែល​ពឹង​ផ្អែក លើ​​ពាណិជ្ជកម្ម​ជា​ធំ។ យ៉ាង​ណា​មិញ​ក៏​មាន​ការ​រិះគន់​មួយ​ចំនួន​ដែល​ថា ការ​ចែកចាយ​ចាក់​វ៉ាក់​សាំង​ដល់​ប្រទេស​ក្រីក្រ​គ្រាន់​​តែ​ជា​ទម្រង់​នៃ​សប្បុរសធម៌​ប៉ុណ្ណោះ​។

អ្នកស្រី​ SelvaDemiralp ​សេដ្ឋវិទូ​នៅ​សាកល​វិទ្យាល័យ ​Koc ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ បាន​និយាយ​ថា៖ «ច្បាស់​ណាស់​សេដ្ឋកិច្ច​ទាំង​អស់​ត្រូវ​តែ​មាន​ទំនាក់ទំនង​គ្នា។ គ្មាន​សេដ្ឋកិច្ច​ណា​មួយ​អាច​នឹង​ស្តារ​ឡើង​វិញ​ពេញ​លេញ​ទេ​ដរាប​ណា​សេដ្ឋកិច្ច​ផ្សេង​ទៀត ​មិន​ទាន់​បាន​ស្តារ​ឡើង​វិញ​ស្រួល​បួល​»។

អ្នកស្រី Demiralp ​បាន​ធ្វើ​កត់​សម្គាល់​ថា​ គំនិត​ផ្តួចផ្តើម​សប្បុរសធម៌​ពិភព​លោក ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ការ​ចែកចាយ​វ៉ាក់សាំង​ទូទាំង​ពិភព​លោក (ACT Accelerator) បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ធនធាន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​នោះ​ បាន​ធានា​នូវ​ការ​ផ្គត់ផ្គង់​តិច​ជាង ១១ ​ពាន់​លាន​ដុល្លារ ​ខណៈ​ចំនួន​គោលដៅ​ដើម គឺ ​៣៨ ​ពាន់​លាន​ដុល្លារ។

ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ​ទឹក​ប្រាក់ ​២៧ ​ពាន់​លាន​ដុល្លារ​ ដែល​ខ្វះខាត​មើល​ទៅ​ហាក់​ដូចជា​ចំនួន​ច្រើន​សម្បើម ​ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​ផល​ប៉ះ​ពាល់​លើ​សេដ្ឋកិច្ច​ដែល​បណ្ដោយ​​ឱ្យ​ជំងឺ​នេះ​នៅ​បន្ត​នៅ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​ណាស់​។

ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តែ​មិន​មាន​ការងារ​ធ្វើ​ ដោយសារ​តែ​​ការ​ដាក់​ប្រទេស​គ្រាអាសន្ន ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ពួក​គេ​នឹង​មាន​លុយ​តិច​ក្នុង​ការ​ចំណាយ​បង្ក​ឱ្យ​មាន​កាត់​​បន្ថយ​ការ​លក់​សម្រាប់ អ្នក​នាំចេញ​នៅ​អាមេរិក​ខាងជើង​​អឺរ៉ុប​ និង​អាស៊ី​បូព៌ា។

ក្រុមហ៊ុន​ពហុជាតិ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ក៏​នឹង​ត្រូវ​ទទួល​រងការ​លំបាក​វេទនា​ដោយសារ​មិន​ទទួល​បាន​វត្ថុ​ធាតុ​ដើម​រួមមាន គ្រឿង​បន្លាស់​សមាសធាតុ​ និង​ទំនិញ​ដែល​ត្រូវ​​ការ​ផ្សេងៗ​ដែលទ​ទួល​យក​​មកពី​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ការ​សិក្សា​បាន​រក​ឃើញ​ថា ​ការ​​រីករាល​ដាល​នៃ​ជំងឺ​នេះ នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ​ទំនង​ជា​ផ្ដល់​ផល​អាក្រក់​បំផុត​សម្រាប់ ឧស្សាហកម្ម​ជា​ពិសេស​ប្រទេស​ពឹង​ផ្អែក​លើ​ប្រទេស​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​នៅ​ជុំវិញ​ពិភព​លោក​ក្នុង​នោះ​រួមមាន​រថយន្ត​វាយនភណ្ឌ​សំណង់ ​និង​លក់​រាយ​ដែល​ការ​លក់​អាច​ធ្លាក់​ចុះ​ជាង ​៥ ​ភាគរយ។

គួរ​បញ្ជាក់​ផងដែរ​ថា ពាណិជ្ជកម្ម​អន្តរជាតិ​ភាគ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ទំនិញ​ដែល​ជា​វត្ថុធាតុ​ដើម​ទាំង​អស់​នោះ ​ក៏​មិន​បាន​បញ្ចប់​ការ​ផលិត​របស់​ខ្លួន​ដូច​គ្នា​ហើយ​ក្នុង​ចំណោម​​ទំនិញ​ដែល​មាន​តម្លៃ ១៨ ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ជួញ​ដូរ​កាល​ពី​ឆ្នាំ​មុន ​ឬ​ហៅ​ថា​ទំនិញ​មធ្យម​មាន​ចំនួន​ដល់​ទៅ ១១ ពាន់​លាន​ដុល្លារ៕