
លោក Mustafa Sanalla ប្រធានក្រុមសាជីវកម្មប្រេងលីប៊ី ចូលរួមកិច្ចប្រជុំ OPEC។ AFP
សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងហោចណាស់ចំនួន ១៩ ដែលពឹងផ្អែកលើការនាំចេញប្រេង និងឧស្ម័នកំពុងប្រឈមនឹងហានិភ័យក្រោយប្រទេសនានាចាប់ផ្ដើមផ្ដោតលើយន្តការទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលយន្តការនេះអាចនឹងធ្វើឱ្យប្រទេសទាំងនេះខាតបង់ប្រាក់ចំណូលយ៉ាងហោច ១៣ ទ្រីលានដុល្លារនៅឆ្នាំ ២០៤០។
នេះបើយោងតាមរបាយការណ៍ចេញពីស្ថាប័នមិនរកប្រាក់ចំណូលមានមូលដ្ឋាននៅប្រទេសអង់គ្លេស Carbon Tracker ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លទ្ធផលនៃការស្រាវជ្រាវនេះ គឺជា «ការដាស់តឿន» ប្រទេសដែលពឹងផ្អែកលើឥន្ធនៈ ហ្វូស៊ីលដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពួកគេក៏ដូចជាការដាស់តឿនដល់ប្រទេសអភិវឌ្ឍន៍ទាំងអស់ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យងាកទៅរកការប្រើប្រាស់ថាមពលប្រើប្រាស់ឡើងវិញផងដែរ។
ស្ថាប័នស្រាវជ្រាវមួយនេះ បានគណនាពីផលប៉ះពាល់នៃការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាប្រភពថាមពលកាបូនទាបលើប្រទេសចំនួន ៤០ ដែលពឹងផ្អែកលើចំណូលប្រេង និងឧស្ម័ន។
ក្នុងនោះដែរប្រទេសអាស៊ែបៃហ្សង់ អង់ហ្គោឡា កុងហ្គោ លីប៊ី នីហ្សេរីយ៉ា និងអារ៉ាប៊ី សាអ៊ូឌីត ក៏ស្ថិតក្នុងលំដាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយប្រទេសខ្លះអាចនឹងបាត់បង់ចំណូលប្រហែល ៤០% នៃចំណូលសរុបរបស់រដ្ឋាភិបាល។ ការសិក្សាបានបន្តទៀតថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងក្រុមហ៊ុននាំចេញ ប្រេង និងឧស្ម័ននៅឈូងសម្រុទដទៃទៀត កំពុងចាត់វិធានការ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចំណូលប្រេងហើយកាន់តែធ្ងន់ធ្ងរទៀត ដោយសារមានដើមតិច ហើយពឹងផ្អែកលើមូលនិធិផ្សេង។
ប្រទេសតូចៗដូចជាស៊ូដង់ខាងត្បូង និងបារ៉ែន ទទួលបានប្រាក់ចំណូលជាង ៧០% នៃចំណូលពីប្រេងហើយក៏ត្រូវប្រឈមនឹងការខាតបង់នាពេលអនាគតដូចគ្នា ខណៈដែលប្រទេសធំៗ ដែលរួមមានអារ៉ាប៊ី សាអ៊ូឌីត (៦៩% នៃចំណូលរដ្ឋាភិបាលពីប្រេង និងឧស្ម័ន) រុស្ស៊ី (២៣%) អ៊ីរ៉ាក់ (៨៩%) និងម៉ិកស៊ិក (១៨%) ក៏ងាយរងគ្រោះដែរ។
ប្រទេសអ៊ីរ៉ង់ ម៉ិកស៊ិក និងរុស្ស៊ី ដែលសេដ្ឋកិច្ចពឹងផ្អែកលើច្រើនវិស័យទៅហើយក៏នៅតែត្រូវប្រឈមនឹងការខាតបង់ចន្លោះពី ១០% ទៅ ២០% នៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលនៅឆ្នាំ ២០៤០។ និយាយរួម សេដ្ឋកិច្ចរបស់ប្រទេសពឹងផ្អែកលើប្រេងប្រមាណ ៤០ ប្រទេសអាចបាត់បង់ប្រាក់ចំណូលពីវិស័យនេះ ប្រមាណ ៩ ទ្រីលានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
ប៉ុន្តែ ស្ថាប័ន Carbon Tra cker បានអះអាងថា ប្រទេសនានាអាចចាត់វិធានការទាន់ពេលវេលា ដោយប្រើប្រាស់ចំណូលពីប្រេង និងឧស្ម័ន ទៅគាំទ្រថាមពលមិនប្រើប្រាស់ ឥន្ធនៈហ្វូស៊ីលវិញ។ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោកកំពុងចាត់វិធានការនេះជាបណ្ដើរៗហើយ ដោយធ្វើការវិនិយោគចំណូលពីប្រេងដ៏ច្រើនសម្បើមរបស់ខ្លួនទៅក្នុងវិស័យទេសចរណ៍ឧស្សាហកម្ម និងការចាប់ផ្ដើមអាជីវកម្មផ្សេង។
យ៉ាងណាមិញ ប្រទេសនេះនៅតែត្រូវការតម្លៃប្រេងប្រហែល ៧៨ ដុល្លារ ក្នុង ១ បារ៉ែល ដើម្បីចំណាយលើវិធានការនេះបើទោះជាចំនួននោះ បានកើនឡើងបន្តិចម្ដងៗហើយ ថយចុះវិញជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
លោក Andrew Grant មន្ត្រីនៅស្ថាប័ន Carbon Tracker ទទួលបន្ទុកខាងអាកាសធាតុ ថាមពល និងឧស្សាហកម្មបានសរសេរថា៖ «ប្រទេសជាច្រើនកំពុងផ្តាច់ខ្លួនពីការពឹងពាក់លើឥន្ធនៈហ្វូស៊ីល ប៉ុន្តែតាមពិតទៅវាលំបាកធ្វើណាស់ជាពិសេសសម្រាប់ប្រទេសដែលមានធនធានទាប ដើម្បីចាប់ផ្តើមវិធានការនេះ។ ប្រសិនបើពួកគេទុកវារហូតទាល់តែតម្រូវការប្រេងចុះខ្សោយជាបណ្តើរៗ វាអាចនឹងយឺតពេលហើយដល់ពេលនោះពួកគេនឹងមានជម្រើសតិចតួចណាស់»។
លោកបានបន្ថែមថា ការសន្មតរបស់របាយការណ៍ដែលថា តម្រូវការប្រេង និងឧស្ម័ន ត្រូវតែធ្លាក់ចុះនៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមចេញវិធានការការពារកំណើនកម្ដៅនៅលើពិភពលោកបង្ហាញឱ្យឃើញពីហានិភ័យមួយចំនួន។ តម្រូវការភាគច្រើនបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ពេលយូរឆ្នាំ បើទោះជារដ្ឋាភិបាលប្រឹងប្រែងព្យាយាមងាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក៏ដោយ។
លោក YngveSlyngstad នាយកប្រតិបត្តិនៃការគ្រប់គ្រងការវិនិយោគធនាគារ Norges ដែលជាផ្នែកមួយនៃធនាគារកណ្តាលន័រវេសទទួលបន្ទុកគ្រប់គ្រងមូលនិធិសោធនរដ្ឋាភិបាលជាសកលបាននិយាយថា៖ «ការត្រឡប់មកវិញនៃការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកអាចរកប្រាក់ចំណូលជូនជាតិខ្ពស់ណាស់ ខ្ពស់ស្មើនឹងការរកឃើញប្រេងដំបូងឯណោះ»។
ដោយឡែកការសិក្សាដដែលនេះក៏បានបង្ហាញពីតម្លៃប្រេងជាមធ្យមគឺ ៤០ ដុល្លារ ក្នុង ១ បារ៉ែល ចាប់ពីបច្ចុប្បន្ន ទៅឆ្នាំ ២០៤០ ស្របតាមសេណារីយ៉ូរបស់ទីភ្នាក់ងារថាមពលអន្តរជាតិដែលសន្មតថា រដ្ឋាភិបាលនឹងចាប់ផ្ដើមយន្តការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុផងដែរ ដែលនេះគឺជាការប្រៀបធៀបនឹងតម្លៃ ៦០ ដុល្លារ ដែលត្រូវគ្នានឹងសេណារីយ៉ូធម្មតា ដែលបានព្យាករដោយទីភ្នាក់ងារថាមពលអន្តរជាតិ។
អង្គការ OPEC ព្យាករថា ផលិតកម្មប្រេងប្រចាំឆ្នាំនឹងកើនឡើងដល់ ១០៩ ពាន់លានបារ៉ែលនៅឆ្នាំ ២០៤៥ កើនពី ១០០ ពាន់លានបារ៉ែល កាលពីឆ្នាំ ២០១៩ ខណៈតម្រូវការថាមពលជាទូទៅគាំទ្រដល់ការលក់ឥន្ធនៈ ហ្វូស៊ីល បើទោះបីជាមានកំណើននៃទីផ្សាររបស់ថាមពលកកើតឡើងវិញក៏ដោយ។
លោក Grant បាននិយាយថា៖ «មានអ្នកណាទៅដឹងទៅ? ខ្ញុំគិតថា ប្រហែលជាពួកគេ (ការសិក្សា) និយាយត្រូវមែន»។ ប៉ុន្តែដោយមានរដ្ឋាភិបាលជាច្រើនបានប្តេជ្ញាចិត្តចំពោះការកាត់បន្ថយកាបូននៅឆ្នាំ ២០៥០ ខណៈថាមពលកកើតឡើងវិញកាន់តែមានតម្លៃថោកជាងមុន «ទិសដៅនៃការងាកទៅរកថាមពលកកើតឡើងវិញរបស់រដ្ឋាភិបាលអាចនឹងបំពេញមហិច្ឆតា និងការផ្លាស់ប្តូរបានលឿនជាងមុន»។
ជាមួយគ្នានេះដែរ មេដឹកនាំសហគមន៍អឺរ៉ុបក៏ចង់លើកកម្ពស់ដំណាក់កាលកាត់បន្ថយឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោកផងដែរ ដូចជាគ្រោងការណ៍កាត់បន្ថយបំភាយឧស្ម័ននៅក្នុងសហភាពអឺរ៉ុប ដោយធ្វើការចំណាយរបស់វិស័យណាដែលប្រើប្រាស់ថាមពលហ្វូស៊ីលឱ្យមានតម្លៃថ្លៃ។
ប្រភពដដែលបានឱ្យដឹងថា នេះគឺផ្នែកមួយនៃការងាកចេញឆ្ងាយពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ហើយមកប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការកើនឡើងកម្ដៅទូទាំងសកលលោកជាដើម។ វិធានការគឺ ឱ្យប្រទេសនានាចាប់ផ្ដើមពឹងផ្អែកលើវិស័យច្រើនប្រភេទ ជាជាងវិស័យប្រេង និងឧស្ម័ន៕