ក្រុងវ៉ាស៊ីនតោនៈ របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់អាមេរិកត្រូវបានចេញផ្សាយពីថ្ងៃចន្ទ ដោយនិយាយថារដ្ឋការរបស់លោកដូណាល់ ត្រាំ នាពេលអនាគត ប្រឈមនឹងពិភពលោកមួយដែលមានគ្រោះថ្នាក់ធំនៃជម្លោះ ការរីកចម្រើនយឺត និងសម្ពាធប្រឆាំងប្រជាធិបតេយ្យច្រើនជាងធ្លាប់មាន តាំងពីសង្គ្រាមត្រជាក់នោះ។
យោងតាមរបាយការណ៍របស់សហគមន៍ ស៊ើបអង្កេត Global Trends: Paradox of Progress នៃក្រុមប្រឹក្សាស៊ើបអង្កេតជាតិបានឲ្យដឹងថា ភាពជាអ្នកដឹកនាំរបស់អាមេរិក កំពុងធ្លាក់ចុះចំពេលមហាអំណាចសេដ្ឋកិច្ចនយោបាយ និងបចេ្ចកវិទ្យា មានការផ្លាស់ប្តូរដ៏ជ្រៅនៅក្នុងបរិយាកាសពិភពលោក ដែលបង្កភាពខ្មៅងងឹត និងការលំបាកនៅពេលអនាគតដ៏ខ្លីខាងមុខ។
របាយការណ៍នោះ បាននិយាយថា៖ «៥ ឆ្នាំក្រោយ នឹងឃើញភាពតានតឹងជាច្រើនកើនឡើងនៅក្នុង និងរវាងប្រទេសជាច្រើន»។
ចំពោះភាពអាចល្អ ឬ អាក្រក់នោះ ស្ថានភាពពិភពលោកដែលកំពុងលេចឡើងនោះ កំពុងទាញឲ្យកាន់តែកៀកទៅនឹងសម័យនៃឥទ្ធិពលគ្របដណ្តប់របស់អាមេរិកក្រោយពីសង្គ្រាមត្រជាក់។
ក្រុមប្រឹក្សាស៊ើបអង្កេតជាតិ ជាក្រុមស្រាវជ្រាវនៅក្រោមការិយាល័យរបស់ប្រមុខនៃក្រុមស៊ើបអង្កេតជាតិ បានចេញការវាយតម្លៃកម្រិតពិភពលោករបស់ខ្លួនរៀងរាល់ ៤ ឆ្នាំម្តង និងរបាយការណ៍ថ្មីមួយនេះ បានចេញត្រឹមតែ ១១ ថ្ងៃមុនលោកត្រាំត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតី។
របាយការណ៍នោះ បានបង្ហាញរូបភាពនៃការប្រឈមជាច្រើន ដែលកើតឡើងនៅក្រោយសង្គ្រាមលោកលើកទី ២ នៅក្នុងនោះមានប្រាក់ចំណូលខុសគ្នា ការផ្លាស់ប្តូរនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរទីកន្លែងរបស់ប្រជាជន ផលប៉ះពាល់នៃកម្ដៅនៅលើពិភពលោក និងជម្លោះក្នុងតំបន់កើនឡើង។
លើសពីនេះទៅទៀតនោះ ប្រទេសប្រជាធិបតេយ្យលោកខាងលិចនឹងយល់ថាពិបាកគោរពតាមគោលការណ៍ច្រើន និងចៀសវាងពីការត្រូវគេធ្វើឲ្យបែកបាក់គ្នានោះ។ របាយការណ៍នោះ ក៏បាននិយាយថា វានឹងពិបាកនៅក្នុងការសហការជាអន្តរជាតិ និងគ្រប់គ្រងតាមមធ្យោបាយនានា ដែលសាធារណជនរំពឹងទុក។
ប្រទេសកាន់តែច្រើន នឹងអាចមានអំណាចបដិសេធចំពោះកិច្ចប្រឹងប្រែងរួមនិងបណ្តាញនៃការទំនាក់ទំនងជាច្រើនទៀតនឹងធ្វើឲ្យមនុស្សជាច្រើន និងមនុស្សច្រើនក្រុម ទទួលបានព័ត៌មានមិនត្រឹមត្រូវ និងបែកបាក់គ្នា។
ព័ត៌មានបានបន្ទរថា សមាជិកសភានឹងធ្វើឲ្យភាពប្រាកដនិយមនៃការប្រកួតប្រជែងកាន់តែរឹងមាំ។
របាយការណ៍ ដែលអ្នកនិពន្ធបញ្ចូលក្រុមអ្នកវិភាគមកពីក្រុមប្រឹក្សាស៊ើបអង្កេត និងបណ្តាសហគមន៍អ្នកស្រាវជ្រាវក៏បាននិយាយថា សេរីនិយមដែលការពារលោកខាងលិច និងក្រុមសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី ២ កំពុងត្រូវបានគំរាមកំហែងពីប្រជាប្រិយនិយមទាំងស្តាំទាំងឆ្វេង ខណៈការគ្រប់គ្រងប្រទេសនិងសង្គមកាន់តែពិបាកទៅៗនោះ។
សាធារណជន នឹងតម្រូវឲ្យរដ្ឋាភិបាលផ្តល់ឲ្យពួកគេទាំងអស់ នូវសន្តិសុខ សុវត្ថិភាព និងវិបុលភាព ប៉ុន្តែមិនមែនចំណូលទាប ភាពមិនជឿទុកចិត្តគ្នា និង ការបែកបាក់នោះទេ៕