
ដបវ៉ាក់សាំងកូវីដ ១៩ Pfizer ឈរលើតុនៅមជ្ឈមណ្ឌលវ៉ាក់សាំងនៃក្រុមហ៊ុនគីមីពិសេសអាល្លឺម៉ង់ នៅក្នុងទីក្រុង Hanau កាលពីថ្ងៃទី ១៩ ឧសភា។ AFP
ការសិក្សាមួយបង្ហាញថា វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ក្នុងប្រឆាំងនឹងវ៉ារ្យ៉ង់មកពីឥណ្ឌា។ នេះបើយោងតាម ការសិក្សាដោយសុខភាពសាធារណៈអង់គ្លេស (PHE) ។
ការសិក្សានេះ បានរកឃើញថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨៨% ប្រឆាំងនឹងវ៉ារ្យ៉ង់ពីប្រទេសឥណ្ឌា ក្នុងរយៈពេល ២ សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២។ ដោយឡែក វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពប្រមាណ ៦០%។
សុខភាពសាធារណៈអង់គ្លេស (PHE) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ភាពខុសគ្នានៃប្រសិទ្ធភាពរវាងវ៉ាក់សាំងទាំង ២ អាចបណ្តាលមកពីរយៈពេលនៃការចាក់ថ្នាំ AstraZeneca លើកទី២ ដែលមានរយៈពេលយូរជាងវ៉ាក់សាំង Pfizer។ ទិន្នន័យបានបង្ហាញថា វ៉ាក់សាំង AstraZeneca ត្រូវការពេលយូរ ដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់អតិបរមា ទើបប្រសិទ្ធភាពកើនឡើងបន្ថែមតាមនេះផងដែរ។
យ៉ាងណាមិញ អង្គភាពសុខភាពសាធារណៈអង់គ្លេស (PHE) នឹងបន្តសិក្សាបន្ថែមទៀតជារៀងរាល់សប្តាហ៍ នឹងផ្តល់យោបល់ដល់រដ្ឋាភិបាលទាក់ទិននឹងលទ្ធផលទាំងអស់នេះ ដើម្បីជួយសម្រួលដល់ការបន្ធូរបន្ថយការធ្វើដំណើរនៅខែក្រោយ៕