
រូបថតតំណាងវ៉ាក់សាំងកូវីដ ១៩។ រូបថត AFP
ការសិក្សាបានរកឃើញថា ចំនួនចាក់វ៉ាក់សាំងកូវីដ ១៩ ក្លែងក្លាយ និងការបន្លំធ្វើវិញ្ញាបនបត្រក្លែងក្លាយនៅលើទីផ្សារងងឹត បានកើនឡើងយ៉ាងខ្លាំង ដោយបច្ចុប្បន្នកំពុងមានអ្នកចែកចាយជាង ១ ២០០ កន្លែងនៅចក្រភពអង់គ្លេស និងនៅទូទាំងប្រទេសលើពិភពលោក។
ក្រោយពីរដ្ឋមន្រ្តីចក្រភពអង់គ្លេសបានប្រកាសបើកឱ្យធ្វើដំណើរឆ្លងប្រទេស ដោយតម្រូវឱ្យមានលិខិតបញ្ជាក់តេស្តអវិជ្ជមាន និងឯកសារឆ្លងដែនវ៉ាក់សាំងមកចំនួនអ្នកប្រើប្រាស់លិខិតបញ្ជាក់ក្លែងក្លាយមកពីប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនមានការកើនឡើងជាលំដាប់។
របាយការណ៍បានបង្ហាញថា មានមនុស្សជាង ១០០ នាក់ ក្នុង ១ ថ្ងៃ បានព្យាយាមធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស ដោយប្រើឯកសារក្លែងក្លាយនេះ ដោយសារតម្រូវការនៃការធ្វើឯកសារ និងធ្វើតេស្តមុន និងក្រោយពេលធ្វើដំណើរអាចនឹងចំណាយអស់រាប់រយផោន។ យ៉ាងណាមិញឯកសារក្លែងក្លាយនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណ ២៥ ផោន ឬស្មើនឹងប្រមាណ ៣៥ ដុល្លារអាមេរិកប៉ុណ្ណោះ។
អ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅអ៊ីស្រាអែលបានរកឃើញភ័ស្តុតាងនៃឯកសារក្លែងបន្លំបណ្ណវ៉ាក់សាំង ដោយមានដាក់ឈ្មោះសេវាសុខភាពសាធារណៈ (NHS) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC) ជាមួយនឹងវិញ្ញាបនបត្រក្លែងក្លាយនានា ដែលបានដាក់លក់នៅលើគេហទំព័រទីផ្សារងងឹត (dark web) កម្មវិធីអេឡិចត្រូនិកមួយចំនួនដូជា WhatsApp Telegram និង Jabber ជាដើម។
លោក Oded Vanunu និងលោក Liad Mizrachi មកពីក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត Check Point បានឱ្យដឹងថា ក្រៅពីផលិតផលខាងលើ នៅមានវ៉ាក់សាំងកូវីដ ១៩ និងថ្នាំពេទ្យក្លែងក្លាយមួយចំនួនក៏ត្រូវបានដាក់លក់លើគេហទំព័រ និងបណ្ដាញសង្គមទាំងនោះដែរ។
ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដាក់លក់ផលិតផលលើទីផ្សារងងឹតមានប្រមាណ ២០ កន្លែង បើគិតត្រឹមខែវិច្ឆិកា ឆ្នាំមុនរួចកើនដល់ ៦០០ កន្លែងនៅខែមករា និងច្រើនជាង ១ ២០០ កន្លែងនៅខែមីនា។
មន្រ្តីប្រចាំព្រំដែនចក្រភពអង់គ្លេសបានចាប់ខ្លួនមនុស្សប្រមាណ ១០០ នាក់ ក្នុង ១ ថ្ងៃ ដែលបានប្រើប្រាស់លិខិតបញ្ជាក់វិញ្ញាបនបត្រក្លែងក្លាយនេះ។ មន្ត្រីកងកម្លាំងព្រំដែនម្នាក់បានប្រាប់កាសែត the Guardian ថា ភាគច្រើនអ្នកដំណើរដែលប្រើប្រាស់លិខិតបញ្ជាក់តេស្តកូវីដក្លែងក្លាយ គឺ មកពីប្រទេសក្រីក្រ រួមទាំងអាហ្វ្រិក អាមេរិកខាងត្បូង និងអាស៊ីផងដែរ។
កាលពីខែតុលា ឆ្នាំមុនគេសង្កេតឃើញមានអ្នកលក់វ៉ាក់សាំងក្លែងក្លាយជាច្រើនដែលភាគច្រើន គឺប្រភេទវ៉ាក់សាំងផលិតនៅចិនរួមមានវ៉ាក់សាំង Sinovac និងវ៉ាក់សាំងផលិតនៅរុស្ស៊ី Sputnik ជាដើម ហើយនៅចុងឆ្នាំមុនពួកគេចាប់ផ្ដើមឃើញមានវ៉ាក់សាំង Pfizer និង Moderna ក្លែងក្លាយដាក់លក់ផងដែរ។
មកដល់ត្រឹមខែមីនា ឆ្នាំនេះ អ្នកចែកចាយវ៉ាក់សាំងក្លែងក្លាយទាំងនោះបានចាប់ផ្ដើមពង្រីកទីផ្សារនៅតាមបណ្ដាប្រទេសនៅអឺរ៉ុប ដូចជា អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ស្វ៊ីស ស៊ុយអែត ម៉ិកស៊ិក និងអូស្ត្រាលី ជាដើម។ ក្រោយលក់វ៉ាក់សាំងក្លែងក្លាយរួច អ្នកចែកចាយទាំងនោះនឹងមានផ្ដល់សេវាធ្វើ វិញ្ញាបនបត្រ និងតេស្តអវិជ្ជមានដល់អតិថិជនផងដែរ។
កាលពីដើមឆ្នាំនេះ ភ្នាក់ងារអនុវត្តច្បាប់ឆ្លងដែនរបស់សហភាពអឺរ៉ុប (Europol) បានអំពាវនាវកុំឱ្យមានការចាញ់បោកក្រុមឆបោកដែលកំពុងផលិត និងលក់វិញ្ញាបនបត្រធ្វើតេស្តក្លែងក្លាយនៅក្នុងអាកាសយានដ្ឋានតាមស្ថានីយ និងតាមប្រព័ន្ធអ៊ីនធឺណិត ជុំវិញអឺរ៉ុបផងដែរ។
អ្នកនាំពាក្យការិយាល័យក្នុងស្រុកបានឱ្យដឹងថា៖ «កម្លាំងតាមព្រំដែនកំពុងត្រួតពិនិត្យថា អ្នកដំណើរទាំងអស់បានអនុវត្តតាមវិធានសុខភាពបច្ចុប្បន្ន ឬនៅពេលទៅដល់ព្រំដែន។ ការផ្តល់ឯកសារក្លែងបន្លំគឺខុសច្បាប់។ មន្រ្តីកម្លាំងព្រំដែន នឹងមានសិទ្ធិផាកពិន័យ ៥០០ ផោន (៧០០ ដុល្លារ) ដល់អ្នកដំណើរណាដែលប្រើប្រាស់ឯកសារក្លែងបន្លំនេះ»។
ប្រភពដដែលបានបន្ថែមថា៖ «បុគ្គលណា ដែលមិនបានគោរពតាមច្បាប់នឹងត្រូវដាក់ឱ្យដាច់ដោយឡែកសម្រាប់ការធ្វើដំណើរអន្តរជាតិ ហើយអាចត្រូវបានពិន័យជាប្រាក់ពី ១ ពាន់ផោន (១ ៤០០ ដុល្លារអាមេរិក) ដល់ ១ ម៉ឺនផោន (១៤ ០០០ ដុល្លារអាមេរិក) ក្នុងករណីប្រព្រឹត្តអំពើដដែល»៕