ការ​ស៊ើបអង្កេត​មួយ​បាន​រក​ឃើញ​ថា ​ក្រុម​ឧក្រិដ្ឋជន​កំពុង​ឃុបឃិត​ជាមួយ​កម្លាំង​សន្តិសុខ​បង់ក្លាដែស ​ដើម្បី​ទាញ​ប្រាក់​ចំណេញ​ពី​ការ​សូកប៉ាន់​ផ្ទៃ​ក្នុង។ ក្រុម​ទាំង​នោះ​មាន​ទំនាក់ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​លោកស្រី Sheikh Hasina។ នេះ​បើ​តាម​ការ​រាយការណ៍រ​បស់​សារព័ត៌មាន ​Aljazeera។

Haris Ahmed និង AnisAhmed ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាតកម្ម ប៉ុន្តែ​ពួក​គេ​ទាំង ២ ត្រូវ​បាន​ការពារ​ដោយ​បងប្រុស​របស់​ពួក​គេ​ដែល​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​បង់ក្លាដែស។ បន្ទាប់​មក​ពួកគេ​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​គេច​ចេញពី​ការ​អនុវត្ត​ច្បាប់។

បើតាម​របាយការណ៍​ដែល​សារព័ត៌មាន Aljazeera បានចេញ​ផ្សាយ អ្នក​ដែល​នៅ​ពីក្រោយ​ការ​រត់​គេច​របស់​ពួកគេ​គឺ ​Aziz Ahmed ជា​មេបញ្ជាការ​កងទ័ព​បង់ក្លាដែស​ដែល​ស្និទ្ធ​ជាមួយ​នាយករដ្ឋមន្ត្រី​លោកស្រី​ Sheikh Hasina និង​ជា​មេ​ដឹកនាំ​សម្ព័ន្ធ ​Awami League ដែល​កំពុង​កាន់​អំណាច។

Haris និង ​Anis Ahmed ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ចូលរួម​នៅ​ក្នុង​ការ​សម្លាប់ លោក ​Mustafizur Rahman Mustafa ក្នុង​ឆ្នាំ ១៩៩៦។ លោក Mustafizur Rahman Mustafa ជា​សមាជិក​គណបក្ស​នយោបាយ​មួយ​ដែល​ជា​គូ​ប្រជែង​នៅ​ក្នុង​ទីក្រុង​ដាក្កា។ បន្ទាប់​ពី​ឃាតកម្ម​នោះ​មក​​ Haris និង​ Anis Ahmed បាន​រត់ទៅ​លាក់​ខ្លួន​នៅ​ប្រទេស​ក្រៅ។

Haris ដែល​នៅតែ​ស្ថិត​ក្នុង​បញ្ជី​ឧក្រិដ្ឋជន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស បាន​ភៀស​ខ្លួន​ទៅ​កាន់​ទីក្រុង​ប៊ុយដាប៉ែស ​ប្រទេស​ហុងគ្រី ​ហើយ​បាន​រស់នៅ​ទីនោះ​ដោយ​ប្រើ​អត្តសញ្ញាណ​ជា Mohammad Hasan។ រីឯ Anis Ahmed រស់នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​​ បន្ទាប់​ពី​ការ​កាត់​ទោស​របស់​គាត់​ត្រូវ​បាន​តម្កល់​ទុក​នៅ​ឆ្នាំ​២០០៧។

នៅ​ពេល​ដែល Haris បាន​ផ្លាស់ប្តូរ​អត្តសញ្ញាណ​របស់​លោក​រួច​មក លោក​បាន​បង្កើត​អាជីវកម្ម និង​ទិញ​ទ្រព្យ​សម្បត្តិ​នៅ​ទ្វីប​អឺរ៉ុប។ ការ​ចំណាយ​របស់​លោក ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ការ​កេងបន្លំ​លុយ​ពី​ប្រទេស​បង់ក្លាដែស ​ដែល​ទទួល​បាន​ដោយ​ការ​សូកប៉ាន់។

តាម​ការ​ស៊ើបអង្កេត​របស់ Aljazeera បាន​អះអាង​ថា ​Haris រកលុយ​បាន​ក្នុង​នាម​ជា​ឈ្មួញ​កណ្តាល​ដោយ​បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​ប្រើប្រាស់​ទំនាក់ទំនង​របស់​លោក ដោយ​លក់​មុខ​តំណែង​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ និង​ដាក្កា​ក្នុង​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់។

លោក ​Haris ទទួល​បាន​ប្រាក់​ចំណេញ ដែល​គាត់​បាន​ធ្វើ​ពី​កិច្ច​សន្យា​យោធា​ដោយ​ប្រើ​អំណាច​បងប្រុស​របស់លោក​ជា​មេបញ្ជាការ​កងទ័ព ​ដើម្បី​ទាញ​សំណូក​ជា​ប្រាក់​ចំណេញ។ លោក​ក៏​បាន​អះអាង​ថា ការ​ធ្វើ​សកម្មភាព នេះ​មាន​ការ​គាំទ្រ​ពី​អ្នក​នយោបាយ​ដែល​គាត់​ធ្លាប់​ការពារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Haris និង Anis ធ្លាប់​ជា​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស លោកស្រី Sheikh Hasina អំឡុង​ពេល​ដែល​លោកស្រី​ជា​អ្នក​នយោបាយ​ប្រឆាំង និង​ជា​មេ​ដឹកនាំ​នៃ​គណបក្ស ​Awami League ក្នុង​ឆ្នាំ ១៩៨០ និង ១៩៩០។

កាល​ពី​ថ្ងៃទី ៣ កុម្ភៈ រដ្ឋាភិបាល​បង់ក្លាដែស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​សារព័ត៌មាន​ជាតិ​បង់ក្លាដែស​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មូលដ្ឋាន​នៅ​កាតា ​Al Jazeera បាន​ចេញ​ផ្សាយ​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា All the Prime Minister''s Men ដែល​ក្រសួង​ការបរទេស​របស់​យើង​បាន​ចេញ​ការ​ឆ្លើយ​តប​រហ័ស​ដោយ​ហៅ​ការ​រាយការណ៍​នេះ​ថា ​ជា​យុទ្ធនាការ​ស្អប់ខ្ពើម​នយោបាយ​ដែល​មិន​ពិត និង​បរិហារកេរ្តិ៍​ហើយ​បង្កើត​ឡើង​ដោយ​ពួក​ជ្រុលនិយម និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ។ នេះ​បើតាម​ការ​រាយការណ៍​របស់ The Daily Star។

ការ​រាយការណ៍​នោះបាន​បន្ត​ថា ​របាយការណ៍​របស់ Aljazeera គ្មាន​ភ័ស្តុតាង​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​នាយក​រដ្ឋមន្ត្រី និង​ស្ថាប័ន​ដទៃទៀត​ឡើយ។

គួរ​បញ្ជាក់​ថា ត្រកូល Ahmed មាន​បងប្អូន ៥ នាក់។ Josef Ahmed ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧក្រិដ្ឋជន​ដែល​មាន​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស លោក​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ​ដល់​ស្លាប់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ក្នុង​ឆ្នាំ ១៩៩៦។ ទោះ​យ៉ាងណា​លោក​ត្រូវ​បាន​ដោះលែង​នៅ​ខែ​ឧសភា ​ឆ្នាំ ២០១៨ បន្ទាប់​ពី​មាន​ការ​លើកលែង​ទោស​ដោយ​មាន​ការ​គាំទ្រ​ពី​នាយករដ្ឋមន្ត្រី​លោកស្រី​ Sheikh Hasina ។

ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក លោកស្រី Hasina បាន​តែងតាំង​លោក AzizAhmed ដែល​ជា​បងប្រុស​របស់​លោក​ Josef ជា​ប្រមុខ​កងទ័ព​បង់ក្លាដែស៕