ក្រុងបាកដាដ៖ ការសម្លាប់អ្នកជំនាញជីហាដនិយម លោក Hisham al-Hashemi បានបង្កឲ្យមានការភ័យខ្លាចថា ប្រទេសអ៊ីរ៉ាក់ កំពុងឈានចូលដំណាក់កាលហិង្សាថ្មី និងភាពងងឹតឈឹង ខណៈភាពតានតឹងកំពុងកើនឡើងរវាងក្រុមប្រឆាំងគាំទ្រអ៊ីរ៉ង់ និងរដ្ឋាភិបាលឈានដល់កម្រិតខ្ពស់ជាថ្មី។
លោក Hashemi មានវ័យ ៤៧ ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅខាងក្រៅផ្ទះរបស់លោក នៅក្នុងទីក្រុងបាកដាដភាគខាងកើត កាលពីថ្ងៃចន្ទ ដោយក្រុមវាយប្រហារបិទមុខជិះម៉ូតូជាច្រើនគ្រឿង។
ខណៈក្រុមឧក្រិដ្ឋជនបានរត់គេចខ្លួនបាត់ស្រមោល ក្រុមអ្នកជំនាញបានថ្លែងថា ការស្លាប់នោះជាសញ្ញាគួរឲ្យរន្ធត់មួយដែលក្លាយទៅជាអំពើ ហិង្សាផ្នែកនយោបាយកំពុងកើតមានឡើងចាប់តាំងពីមានការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅនោះ។
លោកស្រី Belkis Wille នៃក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា៖ «កងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយក្រុមផ្សេងៗទៀត បានសម្លាប់អ្នកតវ៉ា និងអ្នកដទៃទៀតដែលមានឆន្ទៈ រិះគន់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដោយគ្មានទោសពៃរ៍។
លោកស្រី Belkis Wille បានថ្លែងទៀតថា៖ «ប៉ុន្តែការស្លាប់ លោក Hisham al-Hashemi ដែលជាមនុស្សសំខាន់ម្នាក់នៅក្នុងប្រទេសនេះ ជាទីដែលក្រុមខ្លះ ត្រូវបានជំរុញទឹកចិត្ត ដោយសារភាពគ្មានទោសទណ្ឌចំពោះការរំលោភបំពានធ្ងន់ធ្ងរ ដែលពួកគេអាចសម្លាប់នរណាម្នាក់តាមដែលគេចង់ ដោយគ្មានទោសទណ្ឌណាមួយពីទង្វើរបស់ពួកគេឡើយ»៕ AFP/SK