
ក្រុងប៉ារីសៈ ក្រុមអ្នកតវ៉ារាប់មឺននាក់ បាន ចេញមកតវ៉ាតាមដងផ្លូវនៃទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ដើម្បីស្វាគមន៍ខួបឆ្នាំទីមួយក្នុងតំណែងរបស់លោកហ្វ្រង់ស័រហូឡង់ដោយចោទលោកពីបទបែរខ្នងដាក់ក្រុមឆ្វេងនិយម។
នៅមុនថ្ងៃទី៦ ឧសភា ដែលជាខួបមួយឆ្នាំនៃ ការឈ្នះលើបុរសស្តាំនិយមនីកូឡាះ សាកូហ្ស៊ី ក្រុមជនរណសិរ្សឆ្វេងនិយមដែលគាំទ្រដោយកុម្មុយនីស្តបានប្រមូលផ្តុំអ្នកគាំទ្រដើម្បីដើរក្បួនពីទីលានបដិវត្តន៍ សាំងបាស្ទីល។
ក្នុងពេលជាមួយគ្នានេះ មនុស្សរាប់ពាន់នាក់ក៏បានជួបជុំគ្នាសម្រាប់ការតវ៉ាដោយឡែកជាច្រើននៅក្នុងក្រុងប៉ារីស និងក្រុងជាច្រើនទៀត ដើម្បីជំទាស់នឹងផែនការរដ្ឋាភិបាលដាក់ឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាឲ្យស្របច្បាប់និង ការស្មុំកូនចិញ្ចឹមរបស់គូរស្នេហ៍ភេទដូចគ្នា។
បាតុកម្មទាំងនេះ បានកើតឡើងជាមួយ ការស្ទង់មតិបង្ហាញថា លោកហូឡង់ជាប្រធានាធិបតីមានប្រជាប្រិយបំផុតនៅក្នុងប្រវត្តិសាស្ត្របារាំងទំនើប។ អ្នកបោះឆ្នោតភាគច្រើន ខឹងសម្បានឹងសេដ្ឋកិច្ចនៅនឹងមាត់ជ្រោះនៃការធ្លាក់ចុះ និងការអត់ការងារធ្វើខ្ពស់ឈានដល់១៦ឆ្នាំហើយ។
បេក្ខជនរបស់រណសិរ្សឆ្វេងនិយមលោកJean-Luc Melenchon បានអំពាវនាវឲ្យមានការតវ៉ានេះពីខែមុនក្នុងរឿងអាស្រូវកម្រិតខ្ពស់ជុំវិញអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោកហូឡង់ លោកJerome Cahuzac ដែលកំពុងត្រូវគេចោទប្រកាន់ពីបន្លំពន្ធ។
លោកMelenchon បានប្រាប់ហ្វូងមនុស្ស ដែលអ្នករៀបចំថាមាន១៨ម៉ឺននាក់ហើយប៉ូលិសថា មាន៣ពាន់នាក់ថា រដ្ឋាភិបាលសង្គមនិយមនេះ បានក្បត់អ្នកគាំទ្ររបស់ខ្លួនដែលជាក្រុមឆ្វេងនិយម។
នៅចំពោះមុខអ្នកគាំទ្រដែលគ្រវីទង់ក្រហមរបស់ចលនាឆ្វេងនិយមលោកបានថ្លែងថា៖«យើងមិនចង់បានពិភពហិរញ្ញវត្ថុកាន់អំណាច ទេ! យើងមិនទទួលយកនយោបាយកាត់បន្ថយចំណាយទេ»៕ IN