ក្រុងប៉ារីសៈ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ) កាលពីថ្ងៃអង្គារ បានបើកការស៊ើបអង្កេតដំបូងលើអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ា ក្រោយពីការបង្ក្រាបយ៉ាងព្រៃផ្សៃរបស់កងទ័ព បានបង្ខំឲ្យមនុស្ស ៧០ ម៉ឺននាក់ក្នុងចំណោមពួកគេរត់ទៅនៅប្រទេសបង់ក្លាដែស។
ខាងក្រោមនេះ គឺជាកាលបរិច្ឆេទសំខាន់ៗ ចាប់តាំងពីការចំណាកស្រុក បានកើតឡើង ១ ឆ្នាំកន្លងទៅ។
-នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៥ ជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ារាប់រយនាក់បានធ្វើការវាយប្រហារ ទៅលើប៉ុស្តិ៍ប៉ូលិស នៅក្នុងរដ្ឋរ៉ាក់ឃីនដោយបានបណ្តាលឲ្យប៉ូលិស ១៣ នាក់ស្លាប់។
- ត្រឹមថ្ងៃទី៥ កញ្ញា ២០១៧ ជនរ៉ូហ៊ីងយ៉ាជាង ១២ ម៉ឺននាក់បានសម្រុកចូលទៅរស់នៅប្រទេសបង់ក្លាដែស ដោយបានធ្វើឲ្យជំរំជនភៀសខ្លួនដែលបំពាក់សម្ភារមិនត្រឹមត្រូវមានមនុស្សណែនតាន់តាប់។
- នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ លោកស្រីអ៊ុងសានស៊ូជី បើកចំហឲ្យជនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនមកតាំងទីលំនៅជាថ្មី ដោយរងចាំដំណើរការផ្ទៀងផ្ទាត់។
-ថ្ងៃទី២ ខែវិច្ឆិកា ២០១៧ លោកស្រី អ៊ុងសាន ស៊ូជី ធ្វើទស្សនកិច្ចតំបន់មានជម្លោះ ប៉ុន្តែមិនបានចេញសេចក្តីថ្លែងការណ៍ទេ។
-ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៧ ប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមបញ្ជូនជនភៀសខ្លួន ដែលនៅបង់ក្លាដែសក្នុងរយៈពេល ២ ខែដោយមិនបានប្រើពាក្យថា «រ៉ូហ៊ីងយ៉ា»។
-ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៧ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានជួបជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១៦ នាក់ នៅពេលបំពេញទស្សនកិច្ចនៅបង់ក្លាដែស បន្ទាប់ពីធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដោយបានស្នើឲ្យមាន «ភាពមេត្តាធម៌»។
-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៧ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ ដោយព្រមានពី «លទ្ធភាពធាតុផ្សំនៃអំពើប្រល័យពូជសាសន៍»។
-នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ ២០១៧ អង្គការគ្រូពេទ្យគ្មានព្រំដែននិយាយថា ជនរ៉ូហ៊ីងយ៉ាយ៉ាងតិច ៦ ៧០០ នាក់ ត្រូវបានគេសម្លាប់នៅថ្ងៃដំបូងនៃការបង្ក្រាបរបស់កងទ័ព។
-នៅថ្ងៃទី៦ មីនា ឆ្នាំ ២០១៨ អង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា មីយ៉ាន់ម៉ាកំពុងបន្តការបោសសម្អាតជនភាគតិចរ៉ូហ៊ីងយ៉ា។
-ថ្ងៃទី២៧ សីហា ឆ្នាំ ២០១៨ ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីអន្តរជាតិ និងការកាត់ទោសប្រមុខកងទ័ពមីយ៉ាន់ម៉ា។
-ថ្ងៃទី៣ ខែកញ្ញា ២០១៨ អ្នកកាសែត Reuters ២នាក់ត្រូវចោទប្រកាន់ពីបទរំលោភច្បាប់សម្ងាត់របស់ប្រទេសមីយ៉ាន់ម៉ា និងត្រូវកាត់ទោសឲ្យជាប់គុករយៈពេល ៧ ឆ្នាំ។
-នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ត្រូវដកចេញពីកិច្ចការនយោបាយ៕