ក្រុង​បាងកក៖ ​កិច្ច​ប្រឹងប្រែង​ជា​ច្រើន​ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ ក្រោយ​ពី​ដៃ​គូ ​២ ​នៃ​រដ្ឋាភិបាល​ចម្រុះ​នេះ​ មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ថា ​តើ​នរណា​គួរ​ដឹកនាំ​គណៈកម្មាធិការ​សភា​ក្នុង​ការ​សិក្សា​អំពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​?

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ គឺ​ជា​កិច្ចការ​​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ចំនួន ​១២ ដែល​ត្រូវ​បាន​លម្អិត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នយោបាយ​ដែល​រដ្ឋ​ការ​របស់​លោក ​ប្រាយុធ​ ចាន-អូចា​ បាន​ប្រកាស​នៅ​ចំពោះ​មុខ​សភា​។

បក្ស​ប្រជាធិបតេយ្យ​បាន​លើក​ឡើង​ពី​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ថា ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹក​នាំ​បក្ស​ប៉ាឡាំង​ប្រាឆារ៉ាត់ ​(PPRP)​។​

បញ្ហា​នេះ ​គឺ​ជា​ឧបសគ្គ​មួយ​នៅ​​ខាង​ភាគី​រដ្ឋាភិបាល ​ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋសភា ​កំពុង​ប្រឹងប្រែង​​​តែង​តាំង​​​គណៈកម្មការ​ពិសេស​មួយ ​ដើម្បី​សិក្សា​អំពី​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​។

ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ជឿ​ថា​ គណបក្ស​ប្រជាធិតេយ្យ ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ ​ក្រោយ​ពី​សមាជិកសភារ​របស់​ខ្លួន​នៅ​សប្តាហ៍​នេះ​បាន​គាំទ្រ​អតីត​មេ​ដឹកនាំ​​របស់​ពួក​គេ ​គឺ​លោក អាភីស៊ីត ​វេចាជីវ៉ា ​ឲ្យ​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​នេះ​នៅ​ក្រោម​កូតា​របស់​ខ្លួន​​​ ទោះបី​ជា​លោក ​អាភីស៊ីត ​លាលែង​ពី​សមាជិក​សភា​ហើយ​ក្តី​។ ​​​

មាន​ការ​ប៉ាន់​ស្មាន​ជា​ទូទៅ​ថា​ លោក ​អាភីស៊ីត​ ជា​អ្នក​គាំទ្រ​​ចំពោះ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​២០១៧ ​នោះ​ នឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​​គណៈកម្មាធិការ​នេះ​។ ​សមាជិក​សភាបក្ស​ PPRP​​ លោក​ Weerakorn Khamprakob បាន​ប្រឆាំង​​ចំពោះ​ការ​តែងតាំង​លោក ​អាភីស៊ីត​ នេះ៕​BKP