ក្រុងឡុងដ៍ៈ ប្រជាជនក្រុងឡុងដ៍រាប់លាននាក់ អត់ទ្រាំនឹងការចាប់ផ្តើមចលាចលពីថ្ងៃចន្ទក្រោយពីកូដកម្មមួយបណ្តាលឲ្យបិទបណ្តាញរថភ្លើងក្រោមដីភាគច្រើនក្នុងនោះមានស្ថានីយជាច្រើននៅកណ្តាលក្រុង។
Clapham Junction ជាមជ្ឈមណ្ឌលដឹកជញ្ជូនធំមួយនៅភាគខាងត្បូងនៃរដ្ឋធានីនេះ ត្រូវបានជម្លៀសនៅក្នុងម៉ោងមមាញឹកដោយសារហ្វូងមនុស្ស ខណៈក្រុមអ្នកដំណើរត្រូវបានបង្ខំឲ្យឡើងរថយន្តក្រុងទៅធ្វើការ។
រថភ្លើងក្រោមដី ១០ ខ្សែក្នុងចំណោម ១១ ខ្សែ ត្រូវបានអាក់ខាន ដោយកូដកម្ម ២៤ ម៉ោងរបស់សមាជិកសហជីព RMT ដែលបានធ្វើកូដកម្មនៅរាត្រីថ្ងៃអាទិត្យក្នុងជម្លោះមួយជុំវិញការកាត់បន្ថយការងារ និងការផ្គត់ផ្គង់បុគ្គលិក។
កូដកម្មនោះ បានបញ្ចប់ជាផ្លូវការនៅម៉ោង ៦ ល្ងាចថ្ងៃចន្ទ ថ្វីបើស្ថានីយខ្លះនៅបន្តបិទក្តី និងសេវាធម្មតា មិនត្រូវបានរំពឹងថា នឹងដំណើរការរហូតដល់ព្រឹកថ្ងៃអង្គារទេ។
បញ្ហារបស់អ្នកដំណើរ ត្រូវធ្វើឲ្យកាន់តែធ្ងន់ឡើងដោយអាកាសធាតុមានភ្លៀង ខណៈពួកគេបានប្រឈមនឹងការរង់ចាំរថយន្តក្រុងដឹកមនុស្សច្រើនពេក ឬ បានព្យាយាមប្រជ្រៀតចូលក្នុងទូរថភ្លើងដែលមានមនុស្សពេញណែន។
អ្នកធ្វើការងារផ្នែកហិរញ្ញវត្ថុលោក Ross Kemp ដែលបានរងចាំរថយន្តក្រុងមួយគ្រឿងនៅឯស្ថានីយ King's Cross បាននិយាយថាវាគឺការឈឺចុកចាប់ពិតប្រាកដ ដោយបានបន្ថែមថា លោកមានការអាណិតអាសូរមាន កម្រិតចំពោះអ្នកធ្វើការងារផ្លូវដែកដែលកំពុងធ្វើកូដកម្មនោះ។
អភិបាលក្រុងលោក Saqid Khan បានថ្កោលទោសទង្វើនោះ និងនិយាយថា អ្វីៗ ត្រូវបានបំពេញរួចហើយ៕