កាលពី​ថ្ងៃអាទិត្យ​ទី ២ ឧសភា ប្រទេស​កូរ៉េខាងជើង​បាន​វាយប្រហារ​រដ្ឋបាល​លោក Biden ដែល​ត្រៀម​បង្ហាញ​យុទ្ធសាស្ត្រ​របស់ខ្លួន​សម្រាប់​ដោះស្រាយ​ជាមួយ​ក្រុង​ព្យុងយ៉ាង​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា ការអត្ថាធិប្បាយ​ថ្មីៗ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បានបង្ហាញ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden មាន​ចេតនា​ក្នុង​ការរក្សា​នូវ​គោលនយោបាយ​អរិភាព​ទៅលើ​ប្រទេស​ខ្លួន។

គួរបញ្ជាក់​ផងដែរ​ថា គោលនយោបាយ​អរិភាព​គឺជា​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ដែល​មាន​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី ២ ឧសភា ក្រសួង​ការបរទេស​កូរ៉េខាងជើង​បាន​ហៅ​ការអត្ថាធិប្បាយ​របស់លោក Biden ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ថា ជា​ការអត្ថាធិប្បាយ​ដែល​មិនអាច​ទទួល​យក​បាន និង​ជា​កំហុស​ធំ​មួយ។

លោក Kwon Jong-gun ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការបរទេស​សហរដ្ឋ​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ថ្លែងថា៖ «សេចក្តី​ថ្លែងការណ៍​របស់​លោក Biden ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ចេតនា​របស់​លោក​ក្នុង​ការបន្ត​អនុវត្ត​គោលនយោបាយ​អរិភាព​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ដូចដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ​អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកហើយ»។ នេះ​បើតាម​ការរាយការណ៍​របស់​សារព័ត៌មាន The Guardian ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​មួយ​ទៀត​បាន​សរសេរ​ថា ការអត្ថាធិប្បាយ​មុនៗ ដែល​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស​របស់​កូរ៉េ​ខាងជើង​បាន​ជេរប្រមាថ​សេចក្តី​ថ្លៃថ្នូរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ចុងខែ​មេសា លោក Biden បាន​ហៅ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​អ៊ឺរ៉ង់​ថា​ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ពិភពលោក។ ទីក្រុង​វ៉ាស៊ីនតោន​គ្រោង​នឹង​ចាត់វិធានការ​ដែល​ក្រឹត​ទៅ​តាម​ស្ថានការណ៍​នៅ​កូរ៉េខាងជើង។

យោងតាម​ការដកស្រង់​សម្តី​របស់​សារព័ត៌មាន BBC លេខា​នៃ​ក្រុម​អ្នកនាំពាក្យ​នៃ​សេត​វិមាន​លោកស្រី Jen Psaki បាន​និយាយ​កាលពី​ថ្ងៃទី ៣០ មេសា​ថា ការពិនិត្យ​ឡើងវិញ​នៃ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​បញ្ចប់ ហើយ​បាន​ស្នើឱ្យ​លោក Biden រៀនសូត្រ​ពី​បទពិសោធ​របស់​រដ្ឋបាល​មុនៗ​ដែល​បាន​ព្យាយាម​ក្នុង​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ប្រទេស​កូរ៉េខាងជើង ប៉ុន្តែ​បរាជ័យ។

លោកស្រី​បាន​និយាយថា៖ គោលនយោបាយ​របស់​យើង​នឹង​មិន​ផ្តោតលើ​ការសម្រេច​នូវ​ការចរចា​ធំ​នោះទេ ហើយ​ក៏​មិន​ពឹង​ផ្អែកលើ​ការដោះស្រាយ​ជា​យុទ្ធសាស្ត្រ​ដែរ»។ លោកស្រី​បាន​បន្ត​និយាយថា ផ្ទុយទៅវិញ​សហរដ្ឋអាមេរិក​នឹង​បន្ត​អនុវត្ត​វិធីសាស្ត្រ​ជាក់ស្តែង​ដែល​ទូលំទូលាយ និង​អាច​ពង្រីក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ស្តីពី​ការបង្កើន​សន្តិសុខ​ទៅដល់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន។

សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន និង​កូរ៉េខាងត្បូង​សម្រាប់​ការពិភាក្សា​អំពី​ការពិនិត្យ​នូវ​គោលនយោបាយ​នោះ​ឡើងវិញ​នាពេល​ឆាប់ៗ​នេះ៕