ក្រុង​សេអ៊ូល៖ ​ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក​​ទេ​ រយៈពេល​​ប៉ុន្មាន​ម៉ោង​ ​មុន​ពេល​​ប្រេសិត​ពិសេស​នុយក្លេអ៊ែរ​កំពូល​ របស់​ក្រុង​វ៉ាស៊ីនតោន​ គ្រោង​​ធ្វើ​ដំណើរ​ទៅ​​ក្រុង​សេអ៊ូល​ ដើម្បី​ពិភាក្សា​​ថា ​តើ​ត្រូវ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ នៅ​ក្នុង​ការ​ចរចា​បញ្ហា​នុយក្លេអ៊ែរ​ ជាមួយ​ក្រុង​ព្យុងយ៉ាង​ ដោយ​របៀបណា​?​​

លោក​ វ៉ុន​ ចុង-ហ្គុន​ ជា​អគ្គនាយក​នៃ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ទទួល​បន្ទុក​ដោះស្រាយ​កិច្ចការ​អាមេរិក​បាន​ធ្វើ​សុន្ទរកថា ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​​ ដោយ​បាន​ថ្លែង​​ថា​ នៅ​តែ​មាន​មនុស្ស​និយាយ​គ្នា​អំពី​ការ​សម្របសម្រួល​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​ ​រវាង​អាមេរិក​ និង​កូរ៉េខាង​ជើង​ ទោះបី​ជា​នៅ​ក្រោយ​​ លោក​ស្រី ​ឆូ​ ស៊ុន​-ហ៊ី​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ទី​១ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​ នឹង​មិន​បើក​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក​ជា​ដាច់​ខាត​។​

លោក ​វ៉ុន​ ចុង​-ហ្គុន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ផ្លូវ​ការ​ របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​៖ «​ដោយ​បាន​និយាយ​យ៉ាង​ច្បាស់​ម្តង​ទៀត​ថា​ យើង​មិន​ចាប់​អារមុ្មណ៍​ក្នុង​ការ​អង្គុយ​ទល់​មុខ​គ្នា​ ជាមួយ​អាមេរិក​នោះ​ទេ​»​។​

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ លោកស្រី ​ឆូ​ ស៊ុន-ហ៊ី ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​ថា​ ប្រទេស​កុម្មុយ​នីស្ត​មួយ​នេះ​ មិន​ចាំបាច់​អង្គុយ​តុ​ចរចា​ជាមួយ​អាមេរិក​នោះ​ឡើយ​ ខណៈ​កូរ៉េ​ខាង​ជើង ​បាន​ចោទ​ប្រកាន់​ក្រុង​វ៉ាស៊ីនតោន​ពី​បទ​ឆ្លៀត​យក​ផលប្រយោជន៍​កិច្ច​ពិភាក្សា​ រវាង​ប្រទេស​ទាំង ​២​ ធ្វើ​ជា ​«​ឧបករណ៍​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​ខ្លួន​»​ នៅ​អាមេរិក​។​

សេចក្តី​ថ្លែងការណ៍​របស់​លោក ​វ៉ុន​ ចុង​-ហ្គុន​ បាន​ធ្វើ​ឡើង ​ខណៈ​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ​ស្តេបហែន​ ប៊ឺហ្គាន់ ​ដែល​បាន​ប្រើប្រាស់​ទាហាន​ស៊ើប​យក​ការណ៍​​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ​នោះ​ គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​សេអ៊ូល​នៅ​ពេល​រសៀល​ថ្ងៃ​អង្គារ​នៅ​ចំ​ពេល​មាន​ការ​សន្និដ្ឋាន​ថា​ លោក​ ​ស្តេបហែន ប៊ឺហ្គាន់​ អាច​ស្វះស្វែង​រក ​ដើម្បី​ចាប់​ផ្តើម​ចរចា​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ ជាមួយ​កូរ៉េ​ខាង​ជើង​ដែល​បាន​ជាប់​គាំង​នោះ​។​

កិច្ច​ពិភាក្សា​អំពី​ជំនួប​កំពូល​មួយ​​ទៀត​ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម​ ជុងអ៊ុន​ បាន​បរាជ័យ​​ចាប់​តាំង​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក​ មូន​ ជេអ៊ីន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​ថ្លែង​ថា​ លោក​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​បែប​នេះ​ ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​

លោក​ វ៉ុន​ ចុង-ហ្គុន​ បាន​ថ្លែង​ថា​៖​ «​អនុ​រដ្ឋមន្ត្រី​ការបរទេស​ទី១​ របស់​យើង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជំហរ​របស់​លោកស្រី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​ពាក្យ​ចចាម​អារ៉ាម​មិន​ទាន់​ដល់​ពេល​វេលា​សម្រាប់​​ជំនួប​កំពូល​រវាង​កូរ៉េ​ខាង​ជើង​​ និង​អាមេរិក​ទេ​​។ ​សេចក្តី​ថ្លែងការណ៍​នោះ​ ក៏​បាន​លើក​ឡើង​អំពី​មនុស្ស​ម្នាក់​​ ដែល​បាន​បង្ហាញ​បំណង​​របស់​លោក​ចង់​ធ្វើ​ជា​អ្នក​​សម្រប​សម្រួល​រវាង​អាមេរិក និង​ប្រទេស​​កូរ៉េ​ខាង​ជើង​៕​Yonhap/SK