ក្រុងសេអ៊ូលៈ យោងតាម​​​របាយការណ៍​មួយ​បានឲ្យ​ដឹងថា មន្រ្តី​យោធា​កូរ៉េ​ខាង​ជើង​ និង​មន្រ្តី​យោធា​អាមេរិក​ ​បាន​ជួប​​​ពិភាក្សា​គ្នា​​នៅ​ព្រំ​ដែន​កូរ៉េ​​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ពិភាក្សា​​អំពី​ការ​បញ្ជូនអាដិ្ឋធាតុ​​កង​ទ័ព​អាមេរិក​​ ដែល​ត្រូវ​បាន​សម្លាប់​​ក្នុង​អំឡុង​សង្គ្រាម​កូរ៉េ​។ នេះ​បើ​តាម​​ការ​រាយការណ៍​មួយ​។

​ការ​បញ្ជូន​ឆ្អឹង​​ទាហាន​អាមេរិក​ ​ដែល​បាន​ស្លាប់​​ក្នុង​អំឡុង​​​ជម្លោះ​ឆ្នាំ​១៩៥០‑៥៣ ​ទៅ​ស្រុក​កំណើត​វិញ​ គឺ​ជា​ផ្នែក​មួយ​ដែល​កិច្ច​ព្រម​ព្រៀង​​ដែ​ល​ធ្វើ​ឡើង​ដោយ​​មេ​ដឹក​នាំ​​​កូរ៉េ​ខាង​ជើង​ លោក គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​​​ជា​ប្រវត្តិ​សាស្រ្ត​កាល​ពី​ខែ​មុន។

​​​យោង​តាម​ទីភ្នាក់​ងារ​សារព័ត៌​មាន Yonhap news ​របស់​កូរ៉េ​ខាង​ត្បូង​ ​ដោយ​លើក​យក​​សម្តី​របស់​មន្រ្តី​ម្នាក់​​នៅ​ទីក្រុង​សេអ៊ូលបាន​ឲ្យដឹង​ថា កាល​ពី​ភាក្សា​ថ្មី​ៗ​បំផុត​​នេះ​ បាន​ចាប់​ផ្តើម​​នៅ​ព្រំ​ដែន​ក្នុង​ភូមិ Panmunjom កាល​ពី​ថ្ងៃ​អាទិត្យ​។

សារ​ព័ត៌​មាន​នេះ​ បាន​ដក​ស្រង់​សម្តី​​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​​ថា​៖ «​​យើង​យល់​​ថា​ ​កិច្ច​ជជែក​ពិភាក្សា​​រវាង​កូរ៉េខាង​ជើង​​ ​និង​អាមេរិក​​អំពី​ការ​បញ្ជូន​ឆ្អឹង​​ទាហាន​ទៅ​ស្រុក​កំណើត​វិញ​ គឺ​កំពុង​​ដំណើរ​ការ​»៕ PS