ក្រុង​សេ​អ៊ូ​លៈ កូរ៉េខាងជើង​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ បាន​ថ្កោល​ទោស​អាមេរិក​ជុំវិញ​វិធានការ​ទណ្ឌកម្ម​ថ្មី​បំផុត​របស់​ខ្លួន ដោយ​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ថា វិធីសាស្ត្រ​នេះ​អាច​នឹង «បិទ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ ឧបទ្វីប​កូរ៉េ​ជា​រៀង​រហូត»។

បន្ទាប់ពី​ការផ្សះផ្សា​ផ្លូវការទូត​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំនេះ ដែល​ឡើងដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឯ​ជំនូប​កំពូល នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ​នោះ ការ​រីក​ចម្រើន បាន​ជាប់​គាំង​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​នោះ។

នៅ​ប្រទេស​សិង្ហ​បុរី​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ខ្លឹមសារ​មិន​ច្បាស់​លាស់​មួយ​ស្តីពី​ការ​លុប​បំបាត់ អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក ភាគី​ទាំង ២ មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​នោះ។

បច្ចុប្បន្ននេះ ក្រុង​ព្យុងយ៉ាង កំពុង​ទាមទារ​ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​និង​ចាត់ទុក​ថា ការ​ទាមទារ​របស់​អាមេរិក​ឲ្យ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នោះ​ថា «ដូច​ឧក្រិដ្ឋជន» ចំណែកឯ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជំរុញ​បន្ត​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​នឹង កូរ៉េខាងជើង «រហូត​ដល់​ឲ្យ​មាន​ការ​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំង​ស្រុង អាច​ផ្ទៀង​ផ្ទាត់​បាន»។

កាលពី​សប្តាហ៍​មុន ក្រុង-វ៉ាស៊ីនតោន បាន​បញ្ចូល​ឈ្មោះ​មន្ត្រី​កូរ៉េខាងជើង ៣ នាក់​ទៀត ទៅ​ក្នុង​ក្រុម​មន្ត្រី​ដែល​ត្រូវ​រង ទណ្ឌកម្ម​ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ (ឆ្វេង) និង​លោកដូណាល់ ត្រាំ។ AFP