ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។

កិច្ចពិភាក្សា​រវាង​ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន​បាន​ជាប់គាំង​ចាប់​តាំងពី​ជំនួប​កំពូល​លើក​ទី​ ២ រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ ណាល់ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន នៅ​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ បាន​បរាជ័យ​ដោយ​គ្មាន​ចុះ​កិច្ចព្រមព្រៀង​។

ភាគី​ទាំង​ ២ បាន​ជួបគ្នា​ម្តង​ទៀត​កាលពី​ខែ​មិថុនា​នៅក្នុង​តំបន់​គ្មាន​យោធា ហើយ​បាន​ឯកភាព​គ្នា​ចាប់ផ្តើម​ចរចា​កម្រិត​ការងារ​ឡើងវិញ ប៉ុន្តែ​កិច្ចពិភាក្សា​ទាំងនោះ​នៅ​មិន​ទាន់​បាន​ចាប់ផ្តើម​នៅ​ឡើយ​ទេ​។

ចំណែកឯ​កូរ៉េ​ខាង​ជើង​វិញ​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ចម្ងាយ​ជិត​ជាច្រើន​គ្រាប់​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​នៅក្នុង​ការតវ៉ា​ប្រឆាំង​ការធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​អាមេរិក​​កូរ៉េ​ខាង​ត្បូង​ដែល​ខ្លួន​បាន​មើលឃើញ​ថា​ជា​ការហាត់​សម ដើម្បី​ឈ្លានពាន​កូរ៉េខាងជើង​។

លោក Stephen Biegun ជា​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​កូរ៉េ​ខាង​ជើង​ដែល​បាន​ដឹកនាំ​កិច្ចពិភាក្សា​កម្រិត​ការងារ​នោះ​បាន​មកដល់​ក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ទស្សនកិច្ច​រយៈពេល​​ ៣ ​ថ្ងៃ​ហើយ​លោក​បាន​ថ្លែង​ថា​ក្រុង​វ៉ាស៊ីនតោន​ «​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទំនាក់ទំនង​» ​ហើយ​ចាំ​ទទួល​ដំណឹង​ពី​ក្រុង​ព្យុងយ៉ាង​ក្នុងពេល​ឆាប់ៗ​នេះ​។

កូរ៉េ​ខាងជើង​ថា​ការចរចា​គំរាម​ដោយ​យោធា​យើង​មិន​ធ្វើ​ទេ​៕