មេដឹកនាំ​កូរ៉េខាងជើង​លោក ​Kim Jong Un​ បាន​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ថា ខ្លួន​នឹង​ប្តេជ្ញា​ជំរុញ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ខ្លួន​ជានិច្ច ​បើទោះ​ជា​ប្រធានាធីបតី​រូប​ណា​អ្នក​កាន់​អំណាច​នៅ​អាមេរិក​ក៏​ដោយ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​កណ្តាល​របស់​កូរ៉េ ​(KCNA) ​លោក Kim​ បាន​និយាយ​ថា៖ «សកម្មភាព​នយោបាយ​ខាង​ក្រៅ​របស់​យើង​ត្រូវ​តែ​ផ្តោត​លើ​ការ​គ្រប់គ្រង ​និង​ត្រៀម​លក្ខណៈ​ជានិច្ច​ជាមួយ​នឹង​​អាមេរិក​ដែល​ជា​​សត្រូវ ​និង​ជា​ឧបសគ្គ​ធំ​បំផុត​នៅ​ក្នុង​ការ​អភិវឌ្ឍ​បដិវត្តន៍​របស់​យើង»។

លោក​បាន​បន្ថែម​ថា៖ «​អ្នក​ណា​​បាន​ឡើង​កាន់​អំណាច​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ចរិត​ពិត​ ​និង​គោល​នយោបាយ​របស់​ប្រទេស​នេះ ​ចំពោះ​ប្រទេស​របស់​​យើង​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ ​គឺ​នៅ​​ដដែល»។

ក្នុង​សុន្ទរកថា​កាល​ពី​សប្ដាហ៍ មុន​នៅ​ឯ​សមាជ​លើក​ទី៨ របស់​​​គណបក្ស​កាន់​អំណាច​នៅ​ទីក្រុង​ព្យុងយ៉ាង​លោក Kim ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​កែ​លម្អ​ឱ្យ​ប្រសើរ​ជាង​មុន​នូវ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ខ្លួន ​ដើម្បី​បញ្ចូល​មីស៊ីល​ផ្លោង​​ប្រភេទ​អន្តរទ្វីប​ដែល​អាច​បាញ់​ចេញ​ពី​ដី​ និង​សមុទ្រ និង​អាច​​វាយ​ប្រហារ​គោលដៅ​យ៉ាង​ជាក់​​លាក់​នូវ​ចម្ងាយ​រហូត​ដល់​ជាង ​១៥ ​ពាន់​គីឡូម៉ែត្រ ​(ដល់​ដី​គោក​អាមេរិក)។

លោក ​Yang Moo-jin ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​សេអ៊ូល​ជំនាញ​ខាង​ការ​សិក្សា​របស់​កូរ៉េខាងជើង​ បាន​ប្រាប់​កាសែត​ The Diplomat ថា៖ ​«ដូច​អ្វី​ដែល​លោក​ Kim Jong Un បាន​ប្រកាស​ដោយ​ផ្ទាល់​ថា​​ កូរ៉េខាងជើង គឺ​ជា​ថាមពល​នុយក្លេអ៊ែរ​ហើយ​គាត់​ថា គាត់​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​ហើយ​ខ្ញុំ​គិត​ថា គាត់​មិន​ចំណាយ​ពេល​ច្រើន​ប៉ុន្មាន​នោះ​​ទេ ​ដើម្បី​សម្រេច​គោលដៅ​គាត់»។

លោក​ក៏​បាន​បញ្ជា​ឱ្យ​មាន​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ (tactical nukes) ផ្កាយ​រណប​​ឃ្លាំមើល​យោធា ​និង​យន្ដហោះ​ដែល​មាន​លក្ខណៈ​ក្លែង​បន្លំ​ (hypersonic aircraft) ជាដើម។​ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​ កូរ៉េខាងជើង​នឹង​មិន​ប្រើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទុក​ជា​មុន​ឡើយ។

លោក Ankit Panda ​អ្នក​និពន្ធ​សៀវភៅ ​Kim Jong-un and the Bomb បាន​និយាយ​ថា៖ «​ការ​ប្រកាស​របស់​លោក Kim ប្រាកដ​ជា​មាន​គោល​បំណង​សង្កត់​ធ្ងន់​ដល់​រដ្ឋបាល​អាមេរិក​ដែល​កំពុង​រញ៉េរញៃ ​និង​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​រហ័ស​ចំពោះ​ប្រទេស​នេះ ​ដែល​ធ្វើ​ឱ្យ​កូរ៉េខាងជើង​បង្កើន​សមត្ថភាព​របស់​ខ្លួន​តាម​មធ្យោបាយ​ណា​មួយ​ និង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អាមេរិក ​និង​កូរ៉េខាងត្បូង»។ លោក​ក៏​បាន​បន្ថែម​ថា​ រដ្ឋបាល​របស់​លោក Joe Biden ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មែនទែន​ចំពោះ​បញ្ហា​នេះ។

លោក Panda ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ប្រធានាធិបតី​ជាប់​ឆ្នោត​គួរ​គិត​អំពី​បញ្ហា​នេះ​ ឱ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​និង​បញ្ជាក់​ពី​ទស្សន​វិស័យ ​និង​គោល​បំណង​ដែល​លោក​ Biden និង​រដ្ឋបាល​របស់​លោក ដែល​​គ្រោង​នឹង​ស្វែងរក​ផង​ដែរ​​ដើម្បី​ចរចា​ឱ្យ​មាន​ប្រសិទ្ធភាព​​ជាមួយ​កូរ៉េខាងជើង។​ ប្រសិន​​បើ​លោក Kim ​មិន​ព្រម​ផ្លាស់ប្តូរ ​បើទោះ​ក្នុង​ករណី​អាមេរិក​ដក​ហូត​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​បាន​ពេញ​លេញ ​និង​មុន​ពេល​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ខ្ញុំ​គិត​ថា​ គាត់ ​(លោក ​Kim Jong Un) នឹង​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​ការ​សាកល្បង ​និង​សកម្មភាព​ផ្សេង​ទៀត​ជា​មិន​ខាន»។

ប៉ុន្តែ​លោក​ Duyeon Kim សមាជិក​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិក​ថ្មី​បាន​​និយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​មុន​ហើយ​កិច្ច​ព្រមព្រៀង ​ឬ​ការ​ចរចា​គួរ​ធ្វើ​តាម​ក្រោយ។ ​លោក​បាន​និយាយ​ថា៖ «អាមេរិក​អាច​បញ្ឈប់ ​Kim Jong Un ​បាន​ប្រសិន​បើ​​អាមេរិក​សហការ​យោធា​ជាមួយ​ទីក្រុង​សេអ៊ូល​ដក​ទណ្ឌកម្ម​ពី​ប្រទេស​នេះ និង​បញ្ឈប់​ការ​រិះគន់​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​មុន​ពេល​ចរចា​ណា​មួយ​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​នឹង​​មិន​ងាយ​ធ្វើ​រឿង​ទាំង​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ»។

លោក​បន្ត​ថា​៖ «ទោះបី​ជា​ការ​ចរចា​បាន​បន្ត​ក៏​ដោយ​ក៏​លោក​ Kim មិន​ឈប់​ងាយៗ​ក្នុង​ករណី​កិច្ច​ព្រមព្រៀង​ណា​មួយ​ឡើយ​ពី​ព្រោះ​គាត់​បាន​ស្នើ​ឱ្យ​មាន​ការ​ពិភាក្សា​អំពី​ការ​គ្រប់គ្រង​អាវុធ​រួច​ហើយ។ ម្យ៉ាង​ទៀត​តាម​របៀប​សង្គ្រាម​ត្រជាក់​ភាគី​ទាំង​សងខាង​គួរ​ដក​ថយ​ម្នាក់​មួយ​ជំហាន​ទើប មិន​មាន​បញ្ហា​ធំ។ ប៉ុន្តែ​រឿង​នេះ​ក៏​មិន​ងាយ​កើត​ឡើង​ដូច​គ្នា ​ព្រោះ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​មិន​ស្មើ​គ្នា​ទេ»។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden​ បាន​សន្យា​ថា​​ នឹង «ធ្វើ​នយោបាយ​ការ​ទូត» ជាមួយ​ប្រទេស​កូរ៉េខាងជើង ​អាច​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដើម្បី​លួង​ចិត្ត​លោក Kim និង​បង្កក​ការ​ដាក់​ដំណើរ​ការ​បង្កើត​ឃ្លាំង​អាវុធ​បរមាណូ​ផង​ដែរ។

លោក ​Biden បាន​និយាយ​ថា ​លោក​ចង់ «ចាប់​ផ្តើម​ការយុទ្ធនាការ​ថ្មី» ជាមួយ​សម្ព័ន្ធ​មិត្ត​សហរដ្ឋ​​អាមេរិក ​និង​អ្នក​ដទៃ​ទៀត​សម្រាប់​​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។​បន្ថែម​ពី​នេះ​លោក​អះអាង​ថា នឹង​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ប្រទេស​សម្ព័ន្ធ​​​មិត្ត​សហរដ្ឋ​អាមេរិក ​កូរ៉េខាងត្បូង​ ​និង​ជប៉ុន​ទៀត​ផង​៕