The Phnom Penh Post Search

Search form

កូរ៉េ​ខាង​ជើង​ គម្រាម​​លុប​ចោល​កិច្ច​ជំនួប​កំពូល​ជា​មួយ​ អាមេរិក

Content image - Phnom Penh Post
មេដឹក​នាំ​កូរ៉េ​ខាង​ជេើង​​​​ លោក​ គីម ជុងអ៊ុន និង​ប្រធានា​ធិបតី អាមេរិក លោក ដូណាល់ ត្រាំ នឹង​ជួប​ប្រជុំ​នៅ​​​ក្នុង​​​​​​​ប្រទេស​សិង្ហបុរី នៅ​​​ថ្ងៃ​ទី១២ ខែ​​មិថុនា។ ប៉ុន្តែ ក្រុង​ព្យុងយ៉ាង​បាន​​​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​នេះ​ស្ថិត​ក្នុងក្តីសង្ស័យ។

កូរ៉េ​ខាង​ជើង​ គម្រាម​​លុប​ចោល​កិច្ច​ជំនួប​កំពូល​ជា​មួយ​ អាមេរិក

ក្រុង​សេអ៊ូល​:​ កាល​ពី​ថ្ងៃ​ពុធ ​កូរ៉េ​ខាង​ជើង ​បាន​គម្រាម​លុប​ចោល​នូវ​ជំនួប​កំពូល​ដែល​នឹង​ប្រារព្ធ​ឡើង​រវាង​មេ​ដឹក​នាំ​គីម​ជុងអ៊ុន​និង​ប្រធានា​ធិបតី​អាមេរិក​ លោក​​ ដូណាល់ ​ត្រាំ ​ប្រសិន​បើ​ក្រុង​វ៉ាស៊ីន​តោន​ ព្យាយាម​ជំរុញ​ឲ្យ​ក្រុង​ព្យុង​យ៉ាង​ លះ​បង់​កម្ម​វិធី ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ជា​ឯក​តោ​ភាគី​។​

កូរ៉េ​ខាង​ជើង​ក៏​បាន​លុប​ចោល​នូវ​កិច្ច​ចរចា​កំរិត​ខ្ពស់​ដែល​កំណត់​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពុធ ​ជា​មួយ​ក្រុង​សេអ៊ូល ​ជុំ​វិញ​បញ្ហា​នៃ​សម​យុទ្ធ​យោធា​រួម​ Max Thunder​ ដែល​កំពុង​ធ្វើ​ឡើង​រវាង​ អាមេរិក​ និង​ កូរ៉េ​ខាង​ត្បូង​ ដោយ​ធ្វើ​ការ​ថ្កោល​ទោស​នូវ​សម​យុទ្ធ​នោះ​ថា​ជា​ទង្វើ​បង្ក​ហេតុ​បែប​ឈ្លើយ​និង​បង្ក​គ្រោះ​ថ្នាក់​»​។​

វាគឺជា​ការ​វិល​ត្រឡប់​ភ្លាម​ៗ​ទៅ​រក​វោហារ​សាស្ត្រ​ពី​អតីត​កាល​ធ្វើ​ឡើង​ដោយ​ក្រុង​ព្យុង​យ៉ាង​បន្ទាប់​រយៈ​ពេល​ជា​ច្រើន​ខែ​នៃ​ការ​ស្តារ​ទំនាក់​ទំនង​ការ​ទូត​ដ៏​ឆាប់​រហ័ស​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​។​

អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ទី​មួយ​លោក​ Kim​ Kye​ Gwan ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​រដ្ឋ​ថា​៖​«​ប្រសិន​បើ​អាមេរិក​កំពុង​ព្យាយាម​បង្ខំ​ពួក​យើង​ឲ្យ​ធ្លាក់​ចូល​ចំណុច​មួយ​ឲ្យ​បង្ខំ​ចិត្ត​លះ​បង់​អាវុធ​នុយ​ក្លេអ៊ែរ​ឯកតោ​ភាគី​របស់​យើង​នោះ​ យើង​លែង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ចរចា​បែប​ហ្នឹង​ទៀត​ហើយ​»​។​

លោក​បាន​ថ្លែង​បន្ថែម​ថា ​អញ្ចឹង​ក្រុង​ព្យុងយ៉ាង​នឹង​ត្រូវ​ពិចារណា​ជា​ថ្មី​អំពី​ការ​ចូល​រួម​របស់​ខ្លួន​នៅ​កិច្ច​ជំនួប​កំពូល​​ដែល​កំណត់​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​ប្រ​ទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១២​ខែ​មិថុនា​។​

កម្ម​វិធី​អាវុធ​របស់​កូរ៉េ​ខាង​ជើង ​ត្រូវ​បាន​គេ​រំពឹង​ថា​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​កំពូល​នៃ​កិច្ច​ចរចា​ជា​ប្រវត្តិ​សាស្ត្រ​ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​បាន​ទទូច​ជា​យូរ​មក​ហើយ​ថា​ខ្លួន​ត្រូវ​ការ​អាវុធ​ ដើម្បី​ការ​ពារ​ខ្លួន​ទប់​ទល់​ការ​ឈ្លាន​ពាន​ពី​សំណាក់​អាមេរិក​៕​

អត្ថបទគួរចាប់អារម្មណ៍