ក្រុងសេអ៊ូលៈ ក្រុងសេអ៊ូល បានថ្លែងថា កូរ៉េខាងជើងបានដកបុគ្គលិករបស់ខ្លួន ចេញពីការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីថ្ងៃសុក្រ អស់រយៈពេលប៉ុន្មានសប្តាហ៍ ក្រោយពីជំនួបកំពូលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីមួយឡើយ។
ការិយាល័យនៅក្រុង Kaesong ភាគខាងជើង ត្រូវបានបើកដំណើរការកាលពីខែកញ្ញាកន្លងទៅ ខណៈកូរ៉េទាំង ២ បានរក្សាទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាងមុន ប៉ុន្តែអនុរដ្ឋមន្ត្រីបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង លោក Chun Hae-sung បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ក្រុងព្យុងយ៉ាងបាន «ជូនដំណឹងកូរ៉េខាងត្បូងថា ពួកគេកំពុងដកបុគ្គលិកចេញពីការិយាល័យទំនាក់ទំនងនោះ»។
លោក Chun Hae-sung បានថ្លែងថា ការសម្រេចចិត្តនោះបានធ្វើឡើង «ដោយបានអនុលោមទៅតាមបទបញ្ជាមួយចេញពីទីបញ្ជាការជាន់ខ្ពស់» ដោយបានបន្ថែមថា៖ «ពួកគេបានថ្លែងថា ពួកគេមិនខ្វល់ថា តើយើងបន្តនៅការិយាល័យទំនាក់ទំនងនោះតទៅទៀតឬ អត់ទេ»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន កំពុងដើរតួនាទីក្នុងការសម្របសម្រួលការចរចារវាងកូរ៉េខាងជើងប្រដាប់ដោយនុយក្លេអ៊ែរដែលកំពុងរងទណ្ឌកម្ម និងក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់កូរ៉េខាងត្បូង។
លោកមូន បានគាំទ្រការទំនាក់ទំនងជាមួយកូរ៉េខាងជើង ដើម្បីនាំប្រទេសនេះ ទៅចូលរួមតុចរចា និងបាននិងកំពុងជំរុញឲ្យមានគម្រោងអភិវឌ្ឍន៍អន្តរកូរ៉េនៅក្នុងចំណោមគម្រោងទាំងនោះ គឺការស្តារតំបន់ឧស្សាហកម្មនៅក្នុងក្រុង Kaesong ដំណើរទស្សនកិច្ចរបស់ទេសចរឆ្លងព្រំដែនរបស់ពលរដ្ឋកូរ៉េខាងត្បូងទៅកាន់ភ្នំ Kumgang របស់កូរ៉េខាងជើង។
ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ដែលនៅជាធរមាននោះ បានរារាំងការរីកចម្រើនរបស់ពួកគេ៕ AFP/SK