មេដឹកនាំ​ប្រទេស​ចិន ​និង​កូរ៉េខាង​ជើង ​កំពុង​អះអាង​ជាថ្មី​នូវ​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ចម្រូងចម្រាស់​រវាង​អ្នក​ការទូតមក​ពី​សហ​រដ្ឋអាមេរិក ​និង​ចិន។ ភាព​ឯ​កា​ការ​ទូត​របស់​ប្រទេស​កូរ៉េ​ខាងជើង ​និង​បញ្ហា​សេដ្ឋកិច្ច​បាន​ធ្វើ​ឱ្យ​ប្រទេសនេះ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន។

កាល​ពីថ្ងៃ​អង្គារ​ ទី ២៣ ​មីនា​ ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​របស់​កូរ៉េខាង​ជើង​ (KCNA) បាន​រាយ​ការណ៍​ថា ​លោក Kim Jong Un​ បាន​អំពាវ​នាវឱ្យ​មាន​ឯក​ភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែខ្លាំង​ជា​មួយ​ប្រទេស​ចិន​។

យោងតាម ​​KCNA ​និង​ទីភ្នាក់​ងារ​ព័ត៌មាន​របស់​ប្រទេសចិន​ ប្រធានា​ធិបតី​ប្រទេស​ចិន​លោក Xi Jinping​ នៅ​ក្នុង​សារ​ផ្ទាល់​របស់​លោក​ទៅ​កាន់​លោក Kim ​បាន​ពណ៌នាថា​ ទំនាក់​ទំនង​ទ្វេភាគី​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ទាំងពីរ​។

KCNA​ បាន​រាយ​ការណ៍ថា ​លោក Xi​ ក៏​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ផ្តល់ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នូវ​ជីវិត​ប្រសើរ​ឡើង។ អ្នក​វិភាគខ្លះ​យល់​ឃើញថា ​នេះជា​ការ​បង្ហាញថា ​ចិននឹង​ផ្តល់​ស្បៀង​អាហារ ​និង​ជំនួយ​ទៅ​ប្រទេស​កូរ៉េខាង​ជើង​ កំឡុង​ពេលមាន​ការ​បិទ​ព្រំដែន​ដោយ​សារ​រោគ​រាតត្បត៕