កាល​ពី​ថ្ងៃ​ពុធ ទី ៣ មីនា អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ប្រកាស​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​ករណី​ស្លាប់​មនុស្ស​ចំនួន ២ នាក់ ដែល​មាន​ជំងឺ​ប្រចាំ​កាយ បន្ទាប់​ពី​ទទួល​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន AstraZeneca។

ភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​រាយការណ៍​ថា បុគ្គល​អាយុ ៦៣ ឆ្នាំ ១ រូប ដែល​ស្នាក់​នៅ​មណ្ឌល​ថែទាំ និង​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ចេញ​រោគសញ្ញា​ក្ដៅ​ខ្លួន បន្ទាប់​ពី​ទទួល​វ៉ាក់សាំង AstraZeneca។ បុគ្គល​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដែល​ក្រោយ​មក​បាន​ស្លាប់​ដោយសារ​ជាតិ​ពុល​កើន​ឡើង​ក្នុង​ឈាម និង​រលាក​សួត។

បុគ្គល ១ រូប​ទៀត​មាន​អាយុ​ជាង ៥០ ឆ្នាំ ដែល​មាន​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម​បាន​ស្លាប់ ​កាល​ពី​ថ្ងៃ​ពុធ ​បន្ទាប់​ពី​គាំង​បេះដូង​ជា​ច្រើន​ដង។ បុគ្គល​រូបនេះ​បាន​ទទួល​វ៉ាក់សាំង​ដូច​គ្នា ១ ថ្ងៃ​មុន​ការ​ស្លាប់។

មន្ត្រី ១ រូប​នៃ​ទីភ្នាក់ងារ​ត្រួត​ពិនិត្យ និង​ការពារ​ជំងឺ​កូរ៉េ (KDCA) បាន​ប្រាប់​សារព័ត៌មាន Reuter ថា ពួក​គេ​​កំពុង​ស៊ើប​រក​មូលហេតុ​បង្ក​ការ​ស្លាប់​ទាំង ២ នេះ តែ​មិន​បាន​បញ្ជាក់​បន្ថែម​លើ​ការ​រាយការណ៍​របស់ Yonhap ទេ៕