កាល​ពី​ថ្ងៃ​អង្គារ ​ទី ​៥ កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​ ខ្លួន​បញ្ជូន​គណប្រតិភូ​ទៅ​អ៊ីរ៉ង់ ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ការ​ទូត​ជាមួយ​អ៊ីរ៉ង់​ជុំវិញ​នាវា​ដឹក​ប្រេង​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​កង​កម្លាំង​អ៊ីរ៉ង់​។

សារព័ត៌មាន​អ៊ីរ៉ង់​បាន​រាយការណ៍​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ នាវា ​MT HankukChemi និង​នាវិក​ដែល​មាន​សមាជិក ២០ នាក់​ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េខាងត្បូង ៥ នាក់ ជនជាតិ​មីយ៉ាន់ម៉ា ១១ នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ២ នាក់ និង​វៀតណាម ២ នាក់ ​ត្រូវ​បាន​កងកម្លាំង​បដិវត្តន៍​អ៊ិស្លាម​ស្ទាក់​ចាប់​នៅ​ច្រក​សមុទ្រ​ Homuz ដោយ​អះអាង​ថា​ នាវា​បាន​រំលោភ​ច្បាប់​បរិស្ថាន​ និង​កំពុង​បំពុល​សមុទ្រ​។

ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដែល​ជា​ម្ចាស់​នាវា​នេះ​បាន​និយាយ​ថា ​នាវា​មាន​ផ្ទុក​សារធាតុ​គីមី ៧ ២០០ តោន ​ដែល​ភាគ​ច្រើន​ជា​មេតាណុល ហើយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​ពី​ការ​បំពុល​ផ្លូវ​ទឹក​។

ក្រោយ​ពី​ការ​រឹប​អូស​នេះ​ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បញ្ជូន​អង្គភាព​ប្រឆាំង​ចោរកម្ម​សមុទ្រ​ដែល​មាន​សមាជិក ៣០០ នាក់​ និង​នាវា​ចម្បាំង​ Choi Young ទៅ​កាន់​តំបន់​នោះ។

ការ​រឹប​អូស​នាវា​ដឹក​ប្រេង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ទីក្រុង​តេអេរ៉ង់ និង​សេអ៊ូល​ជាប់​គាំង​ក្នុង​ការ​ចរចា ​ដើម្បី​បញ្ចេញ​ទ្រព្យ​សម្បត្តិ​អ៊ីរ៉ង់​ចំនួន ៧ ពាន់​លាន​ដុល្លារ ​ដែល​ជាប់​គាំង​នៅ​ធនាគារ​កូរ៉េ​ខាង​ត្បូង​ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​រឹត​បន្តឹង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ប្រទេស​អ៊ីរ៉ង់ ​ចង់​ប្រើ​ប្រាក់​នោះ​ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ ១៩ តាមរយៈ​កម្មវិធី​ COVAX របស់​ WHO៕