កាលពី​ថ្ងៃ​ពុធ ទី ១២ ឧសភា ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា កូវីដ ១៩​ ប្រភេទ​ B.1.617 នៅ​ប្រទេស​ឥណ្ឌា​ បាន​រីករាលដាល​ដល់ ៤៩ ប្រទេស។

ទីភ្នាក់ងារ​ផ្តល់ជំនួយ​សង្គ្រោះ​ពិភពលោក​បាន​និយាយថា​ប្រទេស​ចំនួន ៧ ក្នុង​ចំណោម ១០ ដែល​បង្កើន​ចំនួន​អ្នក​ឆ្លង​ទ្វេដង​លឿន​បំផុត​គឺ​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក។

ការកើនឡើង​នៃ​ការឆ្លង​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ប៉ះពាល់​ទៅ​ប្រព័ន្ធ​សុខភាព​សារធារណៈ​ដោយ​កង្វះ​អុកស៊ីហ្ស៊ែន​សម្ភារ​វេជ្ជសាស្ត្រ និង​កន្លែង​បញ្ចុះសព។ នៅ​សប្តាហ៍​នេះ​មាន​សាកសព​ជាង ១០០ ត្រូវ​បាន​គេ​រកឃើញ​អណ្តែត​នៅក្នុង​ទន្លេ​ Ganges។

វីរុស​កូរ៉ូណាវ៉ារ្យ៉ង់​ B.1.617 ត្រូវបាន​គេ​ជឿថា ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​នៅ​ពីក្រោយ​ការផ្ទុះ​ដ៏ធំ​នៃ​ការឆ្លង​រាលដាល​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ Antonio Guterres បាន​និយាយថា សមត្ថភាព​ផលិត​វ៉ាក់សាំង​កូវីដ ១៩​ ត្រូវតែ​កើនឡើង​ទ្វេដង​ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការចែកចាយ​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​បាន​ព្រមាន​ថា ​កង្វះ​នៃ​ការចាក់​វ៉ាក់សាំង​នឹង​បណ្តាលឱ្យមាន​បម្រែបម្រួល​ថ្មី​នៅតាម​បណ្តា​ប្រទេស​ដែល​មិនសូវ​មានលទ្ធភាព​ក្នុង​ការទិញ​វ៉ាក់សាំង៕