ក្រុង​បូហ្គោតា៖ ​ប្រទេស ​កូឡុំប៊ី ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​បាន​បណ្តេញ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ ៥៩ នាក់​​ចេញ​ពី​ប្រទេស ​ដោយសារ​ពួក​គេ​ចូលរួម​ក្នុង​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ខណៈ​​ដែល​លោក​ប្រធានាធិបតី ​អ៊ីវ៉ាន​ ឌូ​គី បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ដឹកនាំ​ជំនួញ​ និងការងារ​ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​បញ្ចប់​ការ​តវ៉ា​ដោយ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

ក្រុម​អ្នក​តវ៉ា​បាន​គ្រោង​ធ្វើ​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ ​ថ្វី​បើ​លោក ​ឌូគី ​បាន​ចាប់​ផ្តើម​ពិភាក្សា​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​វិសមភាព​សេដ្ឋកិច្ច​ និង​វិបត្តិ​ដទៃ​ទៀត​ក្តី​។

ទីភ្នាក់ងារ​ទេសន្តរ​ប្រវេសន៍​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ទាំង​នោះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​គំរាម​កំហែង​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​ជាតិ​។​

ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​មក​ ប្រទេស ​កូឡុំប៊ី ​ត្រូវ​រង​ប៉ះពាល់​ដោយសារ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​មុន​មក​ប្រឆាំង​នឹង​​លោក ​ឌូគី ​ដែល​គ្មាន​ប្រជាប្រិយភាព​នោះ ​ហេតុ​ដូច្នេះ​ហើយ​រលក​នៃ​កំហឹង​របស់​ប្រជាជន​សាមញ្ញ​ដោយសារ​ហេតុផល​​ផ្សេងៗ​ បាន​រាលដាល​​នៅ​ទូទាំង​​​ប្រទេស ​អេក្វាទ័រ ​ស៊ីលី​ និង​ប្រទេស ​បូលីវី។

ប្រជាជន​កូឡុំប៊ី ​ចង់​ឲ្យ​លោក​ប្រធានាធិបតី អ៊ីវ៉ាន់ ​ឌូគី ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​ការ​អប់រំ​សាធារណៈ​ល្អ​ប្រសើរ​ឡើង​​ និង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​។

ពួក​គេ​ក៏​​ព្រួយ​បារម្ភ​អំពី​ការ​គ្រប់គ្រង​កិច្ច​ព្រមព្រៀង​សន្តិភាព​ឆ្នាំ ​២០១៦ ​ជាមួយ​ក្រុម​ឧទ្ទាម​ឆ្វេង​និយម​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​កូឡុំប៊ី ​(FARC) ​ដែល​មិន​ពេញ​និយម​សម្រាប់​​ប្រជាជន​កូឡុំប៊ី​​ទេ​៕ AFP/PSA