ក្រុងប៊ីស្កេកៈ វិបត្តិនយោបាយនៅកៀហ្ស៊ីស៊ីស្ថានបានវិវត្តកាន់តែអាក្រក់ទៅៗ ក្រោយពីក្រុមបាតុករចូលកាន់កាប់អគាររដ្ឋសភានៅថ្ងៃពុធហើយក្រុមបក្សប្រឆាំងជាច្រើនបានព្យាយាមដណ្ដើមអំណាចគ្នាជាហេតុធ្វើឱ្យនាយករដ្ឋមន្ត្រីលោក Kubatbek Boronov សម្រេចលាលែងពីតំណែង ហើយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានលុបចោល។
ក្រុមបាតុករទូទាំងប្រទេសបានសម្រុកចូលក្នុងវិមានរដ្ឋាភិបាល និងបានតែងតាំងមេដឹកនាំរបស់ពួកគេឱ្យកាន់តំណែងជាចៅហ្វាយក្រុង ឬជាមន្ត្រីជាន់ខ្ពស់។ ទោះបីជាការតែងតាំងដោយខ្លួនឯងទាំងនេះអាចនឹងត្រូវបានទាត់ចោល ដោយក្រុមបាតុករដែលមានកម្លាំងខ្លាំងជាងក្តី។ នេះគឺជាអ្វីដែលបានកើតឡើងចំពោះមេដឹកនាំបក្ស Bir Bol លោក Almambet Shykmamatov ដែលបានប្រកាសខ្លួនជាអគ្គរដ្ឋអាជ្ញាថ្មី តែត្រូវបោះបង់មុខតំណែងនេះឱ្យទៅអ្នកតំណាងនៃគណបក្ស ១ ផ្សេងទៀតដែលបានទៅដល់ការិយាល័យអគ្គរដ្ឋអាជ្ញាជាមួយនឹងក្រុមបាតុករខ្លាំងជាង។
ក្រុមប្រឹក្សាសម្របសម្រួលជាច្រើនត្រូវបានបង្កើតឡើងដោយក្រុមបក្សប្រឆាំងផ្សេងៗគ្នា ដើម្បីអនុវត្តការផ្ទេរអំណាច ហើយក្រុមនីមួយៗអះអាងថា ខ្លួនជាតំណាងឱ្យអាជ្ញាធរនៅក្នុងអំឡុងពេលអន្តរកាល។ ក្រុម People''s Coordination Council Opposition បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានកាន់កាប់អំណាចរដ្ឋ និងបានរំលាយសភាផងដែរ។
កាលពីថ្ងៃអង្គារ សមាជិកសភាចំនួន ៣៥ រូបបានប្រមូលផ្ដុំគ្នានៅក្នុងសណ្ឋាគារ ១ នៅក្រុងប៊ីស្កេក ដើម្បីតែងតាំងអតីត សមាជិកសភាដែលទើបតែត្រូវបានដោះលែងចេញពីពន្ធនាគារ គឺលោក Sadyr Japarov ជានាយករដ្ឋមន្ត្រី។ លោក Japarov មកពីគណបក្សជាតិនិយម Ata Jurt ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយ:ពេល ១០ ឆ្នាំពីបទចាប់ចំណាប់ខ្មាំង។ នៅថ្ងៃបន្ទាប់ក្រុម ១ ទៀតបានប្រកាសថា ពួកគេបានជ្រើសតាំងលោក Tilek Toktogaziev មកពីគណបក្សប្រជែងនឹងលោក Japarov សម្រាប់បំពេញតួនាទីនេះវិញ។ អ្នកសង្កេតការណ៍មួយចំនួនបាននិយាយលេងសើចថា កៀ ហ្ស៊ីស៊ីស្ថាន នឹងមាននាយករដ្ឋមន្ត្រីថ្មីជារៀងរាល់ថ្ងៃ។
ការតែងតាំងនាយករដ្ឋមន្ត្រីរបស់ក្រុមទាំងនេះគឺគ្មានភាពស្របច្បាប់ទេ ព្រោះរដ្ឋធម្មនុញ្ញកៀហ្ស៊ីស៊ីស្ថានបានចែងថា ការជ្រើសតាំងនាយករដ្ឋមន្ត្រីគឺត្រូវតែប្រព្រឹត្តទៅតាមរយ:ការបោះឆ្នោតក្នុងសភា និងត្រូវការការអនុម័តយល់ព្រមពីសមាជិកសភាយ៉ាងតិច ៦១ រូបលើ ១២០ រូប។
ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិសនៅតែបន្តកើតឡើងទូទាំងប្រទេស។ ជាការកត់សម្គាល់ភាគីខាងប៉ូលិសមានការសហការចូលរួមពីសំណាក់ក្រុមប្រជាជនស្ម័គ្រចិត្តការពារអគាររដ្ឋាភិបាល ផ្សារទំនើបធំៗ និងអាជីវកម្មឯកជនពីការប្លន់។ បុគ្គលដែលជាប់ទាក់ទងនឹងក្រុមឧក្រិដ្ឋជនបានយកឱកាសនេះ វាយប្រហារអណ្ដូងរ៉ែមាស និងធ្យូងថ្មជាច្រើន ហើយក្នុងករណីខ្លះ ពួកគេបានដុតបំផ្លាញសម្ភារ និងវាយធ្វើបាបកម្មករ។
គួររំឭកថា បាតុកម្មបានផ្ទុះឡើងនៅថ្ងៃចន្ទ បន្ទាប់ពីលទ្ធផលដំបូងបានបង្ហាញថា គណបក្សចំនួន ២ ដែលស្និទ្ធនឹងប្រធានាធិបតី Sooronbay Jeenbekov បានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ហើយលោក Jeenbekov ត្រូវបានគេចោទប្រកាន់ថា បានទិញសន្លឹកឆ្នោត។
បច្ចុប្បន្នលោក Jeenbekov កំពុងលាក់ខ្លួន ហើយលោកបាននិយាយប្រាប់ BBC តាមទូរស័ព្ទថា៖ «គោលដៅសំខាន់របស់ក្រុមបាតុករ គឺមិនមែនដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតនោះទេ ប៉ុន្តែដើម្បីដកខ្ញុំចេញពីអំណាច»។ បើទោះជាលោកអះអាងបែបនេះ តែលោកបានឱ្យសញ្ញាថា លោកអាចនឹងចុះចេញពីតំណែងផងដែរ ដោយបាននិយាយថា៖ «ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការទទួលខុសត្រូវដល់អ្នកដឹកនាំរឹងមាំ ១ រូប មិនសំខាន់ថាមកពីក្រុមណានោះទេ។ ខ្ញុំថែមទាំងត្រៀមខ្លួនជួយពួកគេទៀតផង»៕