
ក្រុងឡុងដ៍ៈក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដំបូងរបស់នាងដែលគេបានចេញផ្សាយកាលពីថ្ងៃចន្ទ យុវតី ម៉ាឡាឡា យូសាហ្វហ្សៃ សិស្សប៉ាគីស្ថានដែលត្រូវក្រុមតាលីបង់បាញ់ចំក្បាលដោយសារតែការធ្វើយុទ្ធនាការដើម្បីការសិក្សាអប់រំក្មេងស្រី បាននិយាយថា នាងកំពុងតែប្រសើរឡើងហើយ។ ក្នុងសារជាខ្សែវីដេអូ ដែលគេបានចេញផ្សាយមុននាងធ្វើការវះកាត់លើលលាដ៍ក្បាលកាលពីថ្ងៃសៅរ៍ យុវតីវ័យ១៥ឆ្នាំរូបនេះ បាននិយាយថា៖«ថ្ងៃនេះអ្នកអាចមើលឃើញថាខ្ញុំនៅរស់។ខ្ញុំ អាចនិយាយថាខ្ញុំអាចឃើញអ្នក។ ខ្ញុំអាចឃើញមនុស្សគ្រប់ៗគ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកំពុងជាសះស្បើយ»។ ដោយនិយាយជាភាសាអង់គ្លេសយ៉ាងច្បាស់ៗនាងបាននិយាយថា៖ «ដោយសារតែការបួងសួងរបស់ប្រជាពលរដ្ឋខ្ញុំមានថ្ងៃនេះ។ ដោយសារប្រជាជនទាំងអស់មានបុរស ស្រ្តី កុមារ អ្នកទាំងអស់គ្នា បានសូត្រធម៌ដើម្បីខ្ញុំ។ នាងបានបន្តថា៖ «ដោយសារតែការបួងសួងទាំងនេះ ព្រះបានផ្តល់ជីវិតថ្មីឲ្យខ្ញុំ គឺជីវិតទីពីរហើយខ្ញុំចង់បម្រើ។ ខ្ញុំចង់បម្រើពលរដ្ឋវិញ។ ខ្ញុំ ចង់ឲ្យក្មេងស្រីគ្រប់រូប កុមារគ្រប់រូបទទួលបានការអប់រំ។ ដើម្បីហេតុផលនោះ យើង បានបង្កើតមូលនិធិម៉ាឡាឡា»។ ក្នុងការវាយប្រហារមួយដែលបានទាក់ទាញការថ្កោលទោសទូទាំងពិភពលោក ខ្មាន់កាំភ្លើងតាលីបង់ បានបាញ់ប្រហារនាងម៉ាឡាឡា ក្នុងគម្លាតជិតបំផុត ខណៈរថយន្តក្រុងសាលារបស់នាង បានធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំស្វាត់របស់ប៉ាគីស្ថានកាលពីថ្ងៃទី៩ តុលា។ ក្រុមគ្រូពេទ្យវះកាត់នៅប៉ាគីស្ថានបានសង្គ្រោះជីវិតនាងជាមួយនឹងការវះកាត់ជំហានដំបូងដើម្បីកាត់បន្ថយសម្ពាធលើខួរក្បាលរបស់នាងមុនពេលនាងត្រូវបានបញ្ជូនតាមជើងយន្តហោះទៅប្រទេសអង់គ្លេសដើម្បីព្យាបាលបន្ត៕ NR