
លោក Yuchi Tsudu ប្រធានគម្រោង Hayabusa-2 របស់ទីភ្នាក់ងារ JAXA។ AFP
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បាននិយាយថា ក្រុមរុករករបស់ខ្លួនបានរកឃើញក្បាលកាំជ្រួច (space capsule) ផ្ទុកសំណាកផ្កាយព្រះគ្រោះ ដែលអាចជាភ័ស្ដុតាងក្នុងការសិក្សាពីដើមកំណើតនៃជីវិតលើភពផែនដីចុះចតនៅតំបន់ដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលី ដូចដែលអ្នកវិទ្យាសាស្ត្របានគ្រោងទុក។
ក្នុងថ្ងៃដដែលនេះ ក្បាលកាំជ្រួចបានប្រែទៅជាដុំភ្លើង ១ ដុំ ខណៈដែលវាកកិតជាមួយបរិយាកាសដែលមានចម្ងាយ ១២០ គីឡូម៉ែត្រពីផែនដី។ នៅចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីលើដី ក្បាលកាំជ្រួចក៏បានបើកឆត្រយោង ដើម្បីបន្ថយល្បឿនរបស់វាហើយក៏បញ្ជូនសញ្ញាប្រាប់ក្រុមអ្នកអវកាសពីទីតាំងរបស់វា។
ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយថា យានអវកាស Haya busa2 បានផ្ដាច់ក្បាលអាប៉ូឡូកាលពីថ្ងៃសៅរ៍ ដោយជោគជ័យហើយក៏បានបញ្ជូនវាទៅផែនដី ដើម្បីបញ្ជូនសំណាកពីអាចម៍ផ្កាយព្រះគ្រោះហៅថា Ryugu (ចម្ងាយប្រមាណ ៣០០ លានគីឡូម៉ែត្រពីភពផែនដី)។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា ផ្កាយព្រះគ្រោះនេះមានអាយុកាលប្រមាណ ៤ ពាន់លានឆ្នាំ ដែលអាចផ្តល់ជាតម្រុយក្នុងការសិក្សាពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដីផងដែរ។
មន្ត្រីរបស់ក្រុមអវកាសជប៉ុន JAXA លោក Akitaka Kishi បាននិយាយថា អ្នកអវកាសបានរកឃើញសញ្ញាឆត្រយោងរបស់យានចុះចតដោយជោគជ័យ និងដោយសុវត្ថិភាពនៅក្នុងតំបន់ដាច់ស្រយាលមួយនៅតំបន់ Woomera ប្រទេសអូស្ត្រាលី។
ប្រហែល ២ ម៉ោងបន្ទាប់ពីការចុះចតនេះ JAXA បាននិយាយថា ក្រុមស្វែងរកប្រើឧទ្ធម្ភាគចក្ររបស់ខ្លួនទៅរកឃើញយាននេះនៅក្នុងទីតាំងដូចដែលបានគ្រោងទុក។ ២ ម៉ោងក្រោយមកបេសកកម្មនៃការចុះយកក្បាលកាំជ្រួចដែលមានរាងដូចខ្ទះមានទំហំប្រហែល ៤០ សង់ទីម៉ែត្រ (១៥ អ៊ិញ ត្រូវបានបញ្ចប់ដោយជោគជ័យ។ មន្ត្រីJAXA បាននិយាយថា ពួកគេនឹងត្រួតពិនិត្យសុវតិ្ថភាពបឋមនៅមន្ទីរពិសោធន៍អូស្ត្រាលីសិនហើយសង្ឃឹមថា នឹងយកក្បាលអវកាសនេះត្រឡប់ទៅកាន់ប្រទេសជប៉ុន វិញនៅដើមសប្តាហ៍ក្រោយ។
លោក Yuichi Tsuda អ្នកគ្រប់គ្រងគម្រោង Hayabusa2 កំពុងអបអរសាទរការចតដោយជោគជ័យនេះ នៅទីតាំងបញ្ជាយានសាកាមីហារ៉ាជិតទីក្រុងតូក្យូ។ លោកបាននិយាយថា៖ «វាពិតជាអស្ចារ្យមែនទែន វាជាដុំភ្លើងដ៏ស្អាតមួយខ្ញុំពេញចិត្តខ្លាំងណាស់។ ខ្ញុំបានរង់ចាំថ្ងៃនេះអស់រយៈពេលជាង ៦ ឆ្នាំហើយ»។
គួរបញ្ជាក់ផងដែរថា សំណាកជាច្រើន ត្រូវបានគេប្រមូលក្នុងអំឡុងពេលចុះចត ២ ដាច់ដោយឡែកពីអាចម៍ផ្កាយ Ryugu កាលពីឆ្នាំទៅ។ ក្នុងអំឡុងពេលចុះចតដំបូងយានបានប្រមូលធូលី និងបំផ្ទុះរន្ធមួយនៅលើផ្ទៃអាចម៍ផ្កាយ ដើម្បីរកសំណាកបន្ថែមទៀត។ ច្រើនខែក្រោយមក យានបានវិលត្រឡប់ទៅរណ្ដៅដែលវាបានបង្កើតនៅពេលវាចុះចត ដើម្បីប្រមូលសំណាកបន្ថែម។
អ្នកជំនាញផ្នែកអវកាសនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី Trevor Ireland ស្ថិតនៅក្នុងទីក្រុង Woomera បាននិយាយថា៖ «យើងនឹងពិនិត្យមើលថា តើសំណាក Ryugu ជាប្រភពសក្តានុពលនៃសារធាតុសរីរាង្គ និងទឹកនៅលើផែនដីនៅពេលដែលប្រព័ន្ធព្រះអាទិត្យកំពុងបង្កើតឡើង ហើយថា តើវត្ថុទាំងនេះ មាននៅលើអាចម៍ផ្កាយនេះដែរ ឬក៏យ៉ាងណា?»។
ក្រុមការងារគម្រោង Hayabusa2 ជប៉ុននឹងចាប់ផ្តើមវិភាគលើសំណាកអាចម៍ផ្កាយព្រះគ្រោះ Ryugu ផងដែរ។ ក្នុងរយៈពេលប្រហែល ១ ឆ្នាំសំណាកមួយចំនួននឹងត្រូវបានចែករំលែកជាមួយអ្នកវិទ្យាសាស្ត្រដទៃទៀតសម្រាប់ការសិក្សាបន្ថែម។ លោក Harold C. Connolly Jr.សាស្រ្តាចារ្យភូគព្ភសាស្ដ្រនៅសាកលវិទ្យាល័យ Rowan University ក្នុងរដ្ឋNew Jersey និងជាអ្នកវិទ្យាសាស្ត្រសំណាកសម្រាប់គម្រោង OSIRIS-REX សង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅរដូវក្តៅនេះ ដើម្បីចូលរួមវិភាគសំណាកអាចម៍ផ្កាយព្រះគ្រោះ Ryugu នេះ។
លោក Masaki Fujimoto អគ្គនាយករងនៃវិទ្យាស្ថានអវកាស និងវិទ្យាសាស្ត្រអវកាស (ISAS) និងជាសមាជិកនៃ JAXA បាននិយាយថា ពីមុនពិភពតូចៗដូចជា Ryugu មិនសូវជាទទួលការចាប់អារម្មណ៍ខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រដែលផ្តោតលើការសិក្សាលើភពឡើយ។ «ពិភព តូចៗហ្នឹង មានអ្នកណាទៅខ្វល់?»។ ប៉ុន្តែលោកថា ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្ពស់អំពីការបង្កើតប្រព័ន្ធភពនេះពិភពតូចៗនេះពិតជាមានសារៈសំខាន់ណាស់។
ជាទូទៅបេសកកម្មរបស់ជប៉ុនដំណើរការលើថវិកានៅតូច និងមានឧបករណ៍តិចជាងគម្រោង NASA នៅឡើយ។ ពោល គឺការចំណាយរបស់ Hayabusa2 មានតម្លៃតិចជាង ៣០០ លានដុល្លារ ខណៈដែលតម្លៃរបស់ OSIRIS-REX អាមេរិកមានតម្លៃប្រមាណ ១ ពាន់លានដុល្លារឯណោះ។ នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសជប៉ុន ក៏គ្រោងនឹងនាំយកថ្មពី Phobo ដែលជាព្រះចន្ទនៃភពព្រះអង្គារ ចូលរួមចំណែកក្នុងកម្មវិធី Artemis របស់ NASA ដើម្បីបញ្ជូនអវកាសយានិកទៅភពព្រះចន្ទផងដែរ៕