ខេត្តឈៀងរ៉ៃៈ យោងតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP ម្នាក់​បាន​ឲ្យ​ដឹងថា ក្មេង​ប្រុស ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូងភ្នំ​មួយ​ដែល​លិច​ទឹក​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ពី​ថ្ងៃ ​ម្សិលមិញ​នៅ​មុន​ធ្វើ​សន្និសីទ​កាសែត​ដែល​ពួកគេ​បាន​និយាយ​ពី​ដំណើរ​រឿង​នៃ​ការ​ជាប់​ក្នុង​រូង​ភ្នំ​របស់​ពួកគេ​ជា​លើក​ដំបូង។

អ្នកកាសែត AFP ម្នាក់ បានឃើញ​ក្រុមបាល់ទាត់ Wild Boars ជិះ​នៅក្នុង​រថយន្ត​ក្រុង​តូចៗ​ជាច្រើន​គ្រឿង​ចេញ​ពី​មន្ទីរពេទ្យ​ជាទី​ដែល​ពួកគេ​ត្រូវ​បាន​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ​នៅ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​នៅ​ប្រទេស​ថៃភាគ​ខាងជើង។

ក្រុមបាល់ទាត់ Wild Boars កំពុង​ចេញពី​មន្ទីរពេទ្យ​មុន ១ ថ្ងៃ ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្តាហ៍​មុន ហើយ​ក្រុម​អាជ្ញាធរ​សង្ឃឹម​ថា ការ​រៀបចំ​វគ្គ​សំណួរ​និង​ចម្លើយ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​តាម​ដាន​ចង់​ដឹង​ពី​បទ​ពិសោធ​របស់​ពួកគេ​នៅ​ក្នុង​រូង​ភ្នំ​មាន​ការ​ពេញ​ចិត្ត។

សមាជិក​នៃ​ក្រុ​មបាល់ទា​ត់ «Wild Boars» ញ៉ាំអាហារជុំគ្នាខណៈនៅមន្ទីរ​ពេទ្យ​។ AFP

ក្មេង​ទាំងអស់នោះ​គ្រោង​វិលត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​នៅ​ល្ងាច​ថ្ងៃ​ពុធ។

អ្នក​នាំ​ពាក្យ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ថៃ​លោក Sunsern Kaewkumnerd បាន​ថ្លែង​ប្រាប់ AFP ថា៖ «ហេតុផល ដែល​ធ្វើ​សន្និសីទ​កាសែត​នៅ​ល្ងាច​នេះ​គឺ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សួរ​សំណួរ​ពួកគេ ហើយ​បន្ទាប់​មក​ពួកគេ​អាច​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ជីវិត​ធម្មតា​វិញ ដោយ​គ្មាន​ការ​រំខាន​ពី​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

លោក Sunsern បាន​ថ្លែង​ថា ការ​បញ្ជូន​ក្រុម​បាល់ទាត់ Wild Boars ទៅ​ផ្ទះ​សំបែង​ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​លើ​ទូរស្សន៍​ធំៗ ហើយ​វគ្គ​សំណួរ និង​ចម្លើយ នឹង​មាន​រយៈពេល​ប្រហែល ៤៥ នាទី ដោយ​បាន​បន្ថែម​ថា ការ​សួរ និង​ឆ្លើយ​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រៅ​ផ្លូវការ​ដោយ​មាន​អ្នក​សម្រប​សម្រួល​ម្នាក់។

សន្និសីទកាសែត​នោះ នឹង​ត្រូវបាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ពី​លទ្ធភាព​ទុក្ខព្រួយ​រយៈ​ពេល​យូរ​ពី​បទពិសោធ​របស់​ពួកគេ​ជាប់​នៅ​ក្នុង​រូងភ្នំ Tham Luang នៅ​ក្នុង​ប្រទេស​ថៃ​ភាគ​ខាងជើង​ជាង ២ សប្តាហ៍​នោះ៕