កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ឧសភា​ក្រសួងការ​បរទេស​សិង្ហបុរី​បានរំឭក​ស្ថានទូត​អាមេរិក​កុំជ្រៀតជ្រែត​បញ្ហាផ្ទៃក្នុង​របស់​ប្រទេសខ្លួន​ដែលរួម​បញ្ចូលទាំង​ប្រធានបទ​អ្នកស្រឡាញ់​ភេទដូចគ្នា​នៅក្នុង​គោលនយោបាយ​សាធារណៈ។

ក្រសួងការ​បរទេសសិង្ហបុរី​បាននិយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍ថា៖ «ក្រសួង​ការបរទេស​បាន​រំឭក​ដល់ស្ថាន​ទូត​អាមេរិក​ទាក់ទង​នឹងបេសកក​ម្មបរទេស​នៅសិង្ហបុរី​គឺមិន​ត្រូវជ្រៀត​ជ្រែក​ក្នុងបញ្ហា​សង្គមនិង​នយោបាយ​ក្នុងស្រុក​របស់​យើងទេ។ បញ្ហាសង្គម​និង​នយោបាយ​ក្នុងស្រុករួម​បញ្ចូលទាំង​បញ្ហាដូចជា ដំណោះស្រាយ​ទៅដល់​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​ដែលអាច​ដោះស្រាយ​បាន​ដោយប្រើ​គោលន​យោបាយ​សាធារណៈ​»។ នេះបើតាមការស្រង់ សម្តី​របស់​សារព័ត៌មាន​ CNA។

សេចក្តីថ្លែង​ការណ៍នោះ​បាន​បន្តរៀបរាប់​ថា «បញ្ហានេះ​ជា​ជម្រើស និងដំណោះ​ស្រាយ​របស់​ប្រជាជន​សិង្ហបុរី​ជជែកវែកញែក​ និង​សម្រេចចិត្ត»។

ការលើកឡើងនេះ​ធ្វើឡើង​បន្ទាប់​ពីស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេសសិង្ហបុរី​ មាន​កិច្ចពិភាក្សា​ដែលធ្វើតាម​ប្រព័ន្ធ​អនឡាញ​ស្តីពី​ប្រធានបទ សេដ្ឋកិច្ច​សម្រាប់​សមភាព​អ្នកស្រឡាញ់ភេទ​ដូចគ្នា៖ ការ​ស្វែងយល់ពី​និន្នាការ​សកល​លោកជា​មួយ​សាស្រ្តាចារ្យ Lee Badgett​ កាលពី​ថ្ងៃទី ១៧​ ឧសភា។

កិច្ចពិភាក្សានេះ ​មានការ​ចូលរួម​ពី​សំណាក់​អង្គការ​ Oogachaga និង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​សិង្ហបុរី។​ អង្គការ​ Oogachaga ជាសហគមន៍​ដែលមិន​រក​ប្រាក់ចំណេញ​ដែលធ្វើការ​ជាមួយ​អ្នកស្រឡាញ់​ភេទដូចគ្នា។

យោងតាម​ការស្រង់​សម្តីរបស់​ CNA​ អ្នកនាំពាក្យស្ថាន​ទូតបាន​និយាយ​ថា សហរដ្ឋ​អាមេរិក​គាំទ្រការ​ស្រឡាញ់​ភេទដូចគ្នា​នៅទូទាំង​សកល​លោក។ អ្នកនាំ​ពាក្យបាន​បន្ត​និយាយថា សិក្ខា​សាលា​ដែលរៀបចំ​ឡើងនៅថ្ងៃ​ទី ១៧​ ឧសភា​ បានប្រារព្ធទិវា​អន្តរជាតិ​ប្រឆាំងនឹង​ការ​ស្អប់ខ្ពើម​អ្នកស្រឡាញ់​ភេទដូច​គ្នា អ្នកកែភេទ​ហើយផ្តោត​លើ​គុណសម្បត្តិ​សេដ្ឋកិច្ច​នៃ​សមភាព​សហគមន៍​អ្នកស្រឡាញ់ភេទ​ដូចគ្នា។

គួរបញ្ជាក់ផង​ដែរថា​ ច្បាប់​ក្រមព្រហ្មទណ្ឌ​សិង្ហបុរី​មាត្រា​ ៣៧៧A ​ស្តីពីការ​រួមភេទ​រវាង​បុរស និង​បុរសនៅ​ទីសាធារណៈ​ ឬ​ឯកជន ​គឺខុសច្បាប់​ដែល​អាចត្រូវ​ជាប់ពន្ធនាគារ​រហូតដល់​ ២ ឆ្នាំ។

ច្បាប់នេះ​ត្រូវបាន​អនុម័ត​នៅឆ្នាំ ១៩៣៨​ ដោយមេដឹក​នាំ​អាណានិគម​អង់គ្លេស។ អាជ្ញាធរ​សិង្ហបុរីកម្រ​ប្រើប្រាស់​មាត្រានេះ ​ហើយមេដឹកនាំ​ប្រទេសសិង្ហ​បុរីរួមទាំង​នាយករដ្ឋមន្រ្តី​បច្ចុប្បន្នរបស់ខ្លួន​បាន​បដិសេធមិន​ដក​មាត្រានេះ​ចេញដោយ​និយាយ​ថា មាត្រានេះ​ឆ្លុះបញ្ចាំង​ពីភាព​អភិរក្ស​នៃ​សង្គម​របស់រដ្ឋ។

កាលពី​ខែមករា​ មានក្រុម​ធ្វើយុទ្ធនាការ​បានដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំងនឹង​សេចក្តី​សម្រេចរបស់​តុលាការ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវច្បាប់​ហាមឃាត់ការ​រួមភេទរវាង​បុរស និងបុរស ដើម្បីលុប​ចោលច្បាប់​តាំងសម័យ​អាណានិគម។​

នៅក្នុងសេចក្តីថ្លែង​ការណ៍​បាន​សរសេរ​ថា ការទាមទារនេះ​រួមបញ្ជូល​ទាំងសិទ្ធិ​ស្មើភាពគ្នាចំពោះ​មុខច្បាប់ សិទ្ធិ​រស់រានមាន​ជីវិត សេរីភាព​ផ្ទាល់ខ្លួន ​និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ។

ការតវ៉ានេះត្រូវបានច្រានចោល ២ លើករួចមកហើយលើកទី១ នៅឆ្នាំ ២០១៤ និងម្តងទៀតកាលពីឆ្នាំ ២០២០៕