កាល​ពី​ថ្ងៃ​សៅរ៍ ទី ២០ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាហ្សង់ទីន លោក Carla Vizzotti បាន​សន្យា​នឹង​មាន​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ ១៩ ឱ្យ​មាន​ភាព​ស្មើគ្នា​នៅ​ក្នុង​ប្រទេស។ លោក Carla Vizzotti បាន​ស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្មី ​ក្រោយ​ពី​លោក Gines Gonzalez Garci លាចេញ​ពី​តំណែង​កាល​ពី​ថ្ងៃទី ១៩ កុម្ភៈ ក្រោយ​ពី​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើភាព​គ្នា។

ការ​លា​ចេញ​ពី​តំណែង​របស់​លោក ​Gines Gonzalez Garci គឺ​បន្ទាប់​ពី​មាន​រឿង​ទាក់ទង​នឹង​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើ​ភាព​គ្នា។ រឿង​អាស្រូវ​នេះ​កើត​មាន​ឡើង ​បន្ទាប់​ពី​មាន​អ្នក​សារព័ត៌មាន​ម្នាក់​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​វិទ្យុ​មួយ​ថា លោក​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ដោយសារ​លោក​ស្គាល់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល។

នៅ​ប្រទេស​អាហ្សង់ទីន ​អ្នក​ដែល​មាន​សិទ្ធិ​អាទិភាព​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ គឺ​មាន​តែ​អ្នក​ដែល​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល​តែ​ប៉ុណ្ណោះ៕