ក្រុង​អាថែនៈ ​ប្រទេស​ក្រិក​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ទាម​ទារ​ថា​ តួកគី​ត្រូវ​ដក​នាវា​រុក​រក​ប្រេង​មួយ​គ្រឿង​នៅ​កន្លែង​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​របស់​ពួក​គេ​ ជុំ​វិញ​សិទ្ធិ​ព្រំដែន​សមុទ្រ​ ហើយ​បាន​ព្រមាន​ថា​ ខ្លួន​នឹង​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​ របស់​ក្រុម​រដ្ឋ​មន្ត្រី​ការ​បរទេស​អឺរ៉ុប​បន្ទាន់​មួយ ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ​។​

​ភាព​តាន​តឹង​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ក្រុង​អង់​ការ៉ា​បាន​បញ្ជូន​នាវា​រុក​រក​ប្រេង​អូ​រូក​ រីស​ (Oruc Reis) ​មួយ​គ្រឿង​ ដែល​បាន​អម​ដំណើរ​ដោយ​ក្រុម​នាវា​តួកគី​ជា​ច្រើន​គ្រឿង​ នៅ​ម្តុំ​កោះ​កាស្ទីល​ឡូ​រី​ហ្សូ​ នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាង​កើត​។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​មួយ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ក្រិក​ គឺ​លោក ​នី​កូស​ ឌែន​ឌៀស​ បាន​ស្នើ​ឲ្យ​ក្រុង​អង់​ការ៉ា​ ដក​នា​វា​អូ​រូក​ រីស​ (Oruc ​Reis) ​ចេញ​ពី​ដែន​សមុទ្រ​ក្រិក ​«​ជា​បន្ទាន់​»​។​

​លោក​ ឌែន​ឌៀស​ បាន​ថ្លែង​ថា៖ «​យើង​បាន​អំពាវ​នាវ​ឲ្យ​តួក​គី​ ចាក​ចេញ​ពី​ទឹក​ដី​ប្រទេស​ក្រិក​ជា​បន្ទាន់​»​។​ «​យើង​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រទេស​ក្រិក ​នឹង​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ ក្នុង​ស្មារតី​ខ្ពស់​បំផុត​»​៕ Xinhua/SK