ក្រុង​អាថែន៖ ​យោង​តាម​របាយការណ៍​ជា​ច្រើន​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​ក្រិក​ បាន​ស្នើ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន​ ត្រូវ​ហាម​ប្រាម​ការ​ទិញ​លក់​អាវុធ​ទៅ​ឱ្យ​តួក​គី​ ដោយ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​តំបន់​បម្រុង​ថាមពល​រវាង​ប្រទេស​ក្បែរ​សមុទ្រ​មេឌីទែរ៉ាណេ​។​

ទីភ្នាក់ងារ​សារព័ត៌មាន ​ANA ​ក្រិក​បាន​រាយការណ៍​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​នីកូស​ ឌេនឌៀស​ បាន​សរសេរ​លិខិត​ទៅ​សមភាគី​របស់​លោក​ គឺ​ប្រទេស​អាល្លឺម៉ង់​ អេស្ប៉ាញ​ និង​អ៊ីតាលី​ ដើម្បី​បញ្ជាក់ ​«​អំពី​សកម្មភាព​បង្ក​ហេតុ​កាល​ពី​ពេល​ថ្មីៗ​នេះ​» ​របស់​​ប្រទេស​តួកគី​ ហើយ​បាន​ស្នើ​ឱ្យ​បញ្ចប់​ការ​លក់​អាវុធ ​ទៅ​ឱ្យ​ប្រទេស​តួកគី ​តទៅ​ទៀត​។​

តួកគី​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​យ៉ាង​ជូរ​ចត់​មួយ​ ជាមួយ​ប្រទេស​ក្រិក​ និង​ស៊ីប ​ជុំវិញ​តំបន់​បម្រុង​ប្រេង​ និង​ឧស្ម័ន​ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ភាគ​ខាង​កើត ​ជា​ច្រើន​លើក​តួកគី​បាន​ដាក់​ពង្រាយ​នាវា​រុករក​ប្រេង​​ទៅ​កាន់​ដែន​ទឹក​ ដែល​បាន​អះអាង​ដោយ​ប្រទេស​ក្រិក​។​

នៅ​ក្នុង​លិខិត​របស់​លោក​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ គឺ​លោក ​ហ៊ីកូ​ ម៉ាស់ ​លោក ​ឌេនឌៀស ​បាន​អំពាវនាវ​ឱ្យ​ក្រុង​ប៊ែរឡាំង​បិទ​ការ​នាំចេញ​នាវា​មុជ​ទឹក​ នាវា​ចម្បាំង​​ និង​យន្ត​ហោះ​ចម្បាំង​។​

ប្រភព​ការ​ទូត​មួយ​បាន​ថ្លែង​ដោយ​គ្មាន​ការ​បញ្ជាក់​​ អំពី​ការ​បំពាន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​លោក ​ឌេន​ឌៀស ​បាន​សរសេរ​លិខិត​ដាច់​ដោយ​ឡែក​ទៅ​គណៈ​កម្មការ​អឺរ៉ុប ​​បាន​ស្នើ​ឱ្យ​រាំង​ខ្ទប់​ ដើម្បី​ពន្យារ​កិច្ច​ព្រមព្រៀង​នោះ​៕ AFP/SK​