ក្រុងញូវដេលីៈ ឥណ្ឌាបាននិយាយថា ខ្លួនកំពុងទំនាក់ទំនងជាមួយក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការដោះលែងជនជាតិរបស់ខ្លួន ១៨ នាក់ ដែលធ្វើការនៅលើនាវាដែលមានទង់ជាតិអង់គ្លេស ដែលត្រូវអ៊ីរ៉ង់ ចាប់នៅច្រកសមុទ្រ Hormuz។
ប្រទេស ហ្វីលីពីន ក៏បាននិយាយថា ខ្លួនក៏បានស្នើឲ្យអ៊ីរ៉ង់ដោះលែងជនជាតិហ្វីលីពីនម្នាក់ដែលជាសមាជិកយានិក ដែលធ្វើការនៅលើនាវា Stena Impero របស់អ៊ុយអែត ដែលត្រូវកងការពារបដិវត្តន៍អ៊ីរ៉ង់ចាប់ កាលពីថ្ងៃសុក្រ ខណៈភាពតានតឹងកើនឡើង នៅតាមផ្លូវទឹកសម្រាប់ការផ្គត់ប្រេងនៅក្នុងពិភពលោក។
លោក Raveesh Kumar អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្លែងប្រាប់ AFP ថា ជនជាតិ ១៨ នាក់ នៅលើនាវានោះ និងបានបន្ថែមថា ក្រុងញូវដេលីកំពុងធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលអុីរ៉ង់ ដើម្បីធានាឲ្យដោះលែង និងធ្វើមាតុភូមិនិវត្តន៍ពួកគេ។
ក្រុមអាជ្ញាធរអុីរ៉ង់បាននិយាយថា នាវាត្រូវបានចាប់ឃាត់ទុកកំពង់ផែ Bandar Abbas ពីបទរំលោភបំពានច្បាប់ដែនសមុទ្រអន្តរជាតិក្រោយពីបុកជាមួយទូកនេសាទមួយគ្រឿង៕ PSA