ក្រុង​ប៉េកាំង៖ ​រដ្ឋធានី​របស់​ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ជា​ថ្មី ​ដោយ​មាន​ករណី​ឆ្លង ​៧៥ ​នាក់ ​ដែល​ទាក់ទង​ទៅ​នឹង​ផ្សារ​លក់​ម្ហូប​អាហារ​តែ​មួយ​គត់​នៅ​ក្នុង​ក្រុង​ប៉េកាំង​ជា​ទី​ដែល​អាជ្ញាធរ​បាន​បិទ​សង្កាត់​ជា​ច្រើន​ និង​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ និង​កម្មវិធី​តាម​ដាន​វីរុស​នេះ​។

ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ​ជា​ទី​ដែល​វីរុស​នេះ ​បាន​កើន​ឡើង​ពី​ដំបូង​កាល​ពី​ចុង​ឆ្នាំ ​២០១៩​ ត្រូវ​បាន​យក​មក​ដាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​រហូត​ដល់​ករណី​ឆ្លង​ថ្មី​មួយ​ក្រុម​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋធានី​នេះ​ កាល​ពី​សប្តាហ៍​មុន​។ ​​​​​

មន្ត្រី​សុខាភិបាល​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ​៤៩ ​នាក់ ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ ​​​នៅ​ក្នុង​នោះ​មាន ​៣៦ ​នាក់ ​នៅ​ក្នុង​ក្រុង​ប៉េកាំង​ ដែល​ការ​ឆ្លង​នេះ​ទាក់ទង​ទៅ​នឹង​ផ្សារ ​Xinfadi បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រលក​ទី ​២​។

លោក​​​ Li Junjie ​ជាមន្ត្រី​ក្រុង​ម្នាក់​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​មួយ​ថា ​ករណី​ឆ្លង​ជា​ច្រើន​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ផ្សារ​លក់​បោះ​​ដុំ ​Yuquandong ​នៅ​ក្នុង​សង្កាត់ ​Haidian​ ភាគ​ឦសាន​នៃ​រដ្ឋធានី​នេះ​។

លោក​បាន​ថ្លែង​ថា ​ផ្សារ​នោះ​ត្រូវ​បាន​បិទ ​និង​សាលា​រៀន​ជា​ច្រើន​នៅ​ក្បែរ​នោះ ​នឹង​ត្រូវ​បិទ ​ខណៈ​​ប្រជាជន​ដែល​រស់នៅ​ក្នុង​ផ្ទះ​ចំនួន ​១០​ នៅ​ជុំវិញ​នោះ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួក​គេ។ ​

មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ​នៅ​ក្នុង​ពហុកីឡដ្ឋាន​មួយ ​ខណៈ​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង​ ជា​រដ្ឋធានី​នៃ​ប្រទេស​នេះ​ជា​ទី​ដែល​វីរុស​​នេះ ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​ទៅ​។

វីរុស​​រាតត្បាត​នេះ ​កំពុង​​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​អាមេ​រិកឡាទីន ហើយ​អ៊ីរ៉ង់​ និង​ឥណ្ឌា​ ​​បាន​រាយការណ៍​អំពី​​​​​​ការ​កើន​ឡើង​​នៃ​ការ​ស្លាប់ ​និង​​ការ​ឆ្លង​ដោយ​បាន​បន្ថែម​​​​​ការ​ព្រួយ​បារម្ភ​​​​​អំពី​ឧបសគ្គ​នានា​​ ដែល​ពិភព​លោក​​នឹង​ប្រឈម​រយៈពេល​យូរ​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩។

ប៉ុន្តែ​សម្រាប់ ​ខណៈ​ពេល​នេះ​ព័ត៌មាន​មាន​ភាព​ល្អ​ប្រសើរ​នៅ​អឺរ៉ុប ​ដែល​ភាគ​ច្រើន​​មើល​ឃើញ​ថា​ ចំនួន​ករណី​ឆ្លង​ធ្លាក់​ចុះ​ថេរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។

ប្រទេស​ជា​ច្រើន​កំពុង​បន្ត​ដក​ការ​បិទ​ប្រទេស​ ដែល​បាន​ជួយ​សង្គ្រោះ​មនុស្ស ​ប៉ុន្តែ​ក៏​នៅ​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ​និង​ធ្វើ​ឲ្យ​ប្រជាជន​ដែល​ត្រូវ​គេ​កំណត់​ព្រំដែន​ឲ្យ​ធ្វើ​ដំណើរ​នោះ ​ព្រួយ​បារម្ភ​។​

មនុស្ស​ជាង​ ៤៣០ ០០០​ នាក់ ​នៅ​ទូទាំង​ពិភព​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ វីដ​ ១៩​ ហើយ​រយៈពេល​ជិត​កន្លះ​ឆ្នាំ ​ដែល​មនុស្ស​​ច្រើន​រាប់​មិន​អស់ បាន​​ជួប​នឹង​ការ​លំបាក ​ចំណែក​ឯ​សេដ្ឋកិច្ច​វិញ​ក៏​ត្រូវ​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​នេះ​ដែរ​៕ AFP/PSA