ក្រុង​បាកដាដ៖ ​ក្រុម​អ្នក​នយោបាយ​អ៊ីរ៉ាក់ ​និង​ក្រុម​សម្ព័ន្ធមិតុ្ត​ក្នុង​តំបន់​បាន​ប្រមូល​​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ដោះ​ស្រាយ​ការ​​តវ៉ា​អស់​រយៈពេល ​២ ​ខែ​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ពី​តំណែង ខណៈ​អំពើ​ហិង្សា​បាន​វាយ​ប្រហារ​នៅ​តាម​ទីក្រុង​ខ្លះ​នៅ​ភាគ​ខាង​ត្បូង​។​

ក្រុម​បាតុករ​ ដែល​បាន​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​បាន​នាំ​គ្នា​ចេញ​តាម​ដង​ផ្លូវ​នៅ​ក្នុង​រដ្ឋធានី​បាក​ដាដ​ និង​នៅ​តាម​ទីក្រុង​ភាគ​ខាង​ត្បូង​ភាគ​ច្រើន​កាន់​និកាយ​ស៊ីអ៊ីត​ ​ចាប់​តាំង​ពី​ខែ​តុលា​ នៅ​ក្នុង​ចលនា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​។​

ដោយ​ត្រូវ​​គេ​មើល​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​មួយ​ចំពោះ​ការ​ជ្រើសរើស​អ្នក​គ្រប់គ្រង​ប្រទេស​ ហើយ​ការ​ប្រមូល​ផ្តុំ​នោះ​ បាន​ប្រឈម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​​កងកម្លាំង​សន្តិសុខ ​និង​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ាក់​​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​៤២០ នាក់​ស្លាប់​ និង​ជិត ​២ ​ម៉ឺន​នាក់​ផ្សេង​ទៀត​រង​របួស​។ ពួក​គេ​ភាគ​ច្រើន​ជា​ក្រុម​បាតុករ​នៅ​ក្នុង​ការ​តវ៉ា​នោះ​។​

អ្នកកាន់ទុក្ខអុីរ៉ាក់​​ស​ែ​ង​មឈូ​ស​​សព​​អ្នក​ត​​វ៉ា​​​ប្រឆាំង​រដ្ឋាភិបាល​ដែល​ស្លាប​់ក្នុងការប​៉ះ​ទង​្គ​ិច​​ជាមួយកម្លាំង​សន្តិ​សុខ​​។ AFP

បន្ទាប់​ពី​អំពើ​ហិង្សា ​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​ នាយក​រដ្ឋមន្ត្រី​លោក​ អាប់ឌែលអាប់ឌែល​ ម៉ាហ៍ឌី ​បាន​លាលែង​ពី​តំណែង​។ កិច្ច​ពិភាក្សា​នានា​ ដើម្បី​ស្វែងរក​អ្នក​ជំនួស​តំណែង​ម្នាក់ ​គឺ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​សប្តាហ៍​នេះ​។​

ប្រភព​ពី​មន្ត្រី​នយោបាយ​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ប្រាប់ ​AFP ​ថា ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចូលរួម​ចរចា​ គឺ​ជា​ក្រុម​សម្ព័ន្ធ​មិតុ្ត​សំខាន់ ​២ ​របស់​ក្រុម​គណបក្ស​ស៊ីអ៊ីត​ធំៗ​របស់​អ៊ីរ៉ាក់ ​គឺ​មេ​បញ្ជាការ​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ាក់ ​លោក​ឧត្តម​សេនីយ៍ឯក ​ហ្គាស៊ីម-សូលីម៉ានី​ និង​លោក ​ម៉ូហាម៉ាដ កាវ​ថារ៉ានី​ ជា​អ្នក​សម្របសម្រួល​លីបង់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ការ​ចរចា​នោះ​​។​

ប្រភព​នោះ​បាន​ថ្លែង​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា៖ «​លោក ​សូលីម៉ានី​ គឺ​​នៅ​ក្នុង​ទីក្រុង​បាកដាដ​ ដើម្បី​ជំរុញ​ឲ្យ​បេក្ខជន​ពិសេស​ម្នាក់​ ស្នង​តំណែង​របស់​លោក​ អាប់ឌែល​ម៉ាហ៍ឌី​»​។​

អាជីវករ​​អុីរ៉ាក់​​​លក់​ម៉​ាសនៅតាម​ដង​​ផ្លូវ​​​ស្ថ​ិត​នៅក្នុង​ចំណោមអ្នកតវ៉ា​ប្រឆាំង​​​រដ្ឋាភិបាល​នៅក្នុង​ក្រុងបាកដាដ​។ AFP

ប្រភព​ដដែល​​បាន​បន្ថែម​ថា ​លោក ​កាវ​ថា​រ៉ា​នី​ ដែល​ជា​ក្រុម​យុទ្ធជន​លីបង់​ ជា​ទាហាន​ស៊ើបការណ៍​របស់​ហេបូឡាហ៍​នៅ​អ៊ីរ៉ាក់ ​«​ក៏​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ធំ​មួយ​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​ ក្រុម​កងកម្លាំង​និកាយ​ស៊ីអ៊ីត​​ និង​អ្នក​នយោបាយ​ស៊ុននី​អំពី​បញ្ហា​នេះ​»​។​

ក្រុម​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់ ​ភាគ​ច្រើន​និកាយ​ស៊ីអ៊ីត​ មាន​ចំណង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​អស់​រយៈពេល​ជា​យូរ​ ជាមួយ​សមភាគី​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់​ និង​លីបង់​។​

អាមេរិក​បាន​ថ្លែង​ថា​ វត្តមាន​របស់​លោក ​សូ​លី​ម៉ា​នី​ បាន​បង្ហាញ​ថា​ បច្ចាមិត្ត​អ៊ីរ៉ង់​របស់​ខ្លួន ​«​កំពុង​ជ្រៀត​ជ្រែក​កិច្ចការ​​ផ្ទៃ​ក្នុង​» ​នៅ​​ប្រទេស ​អ៊ីរ៉ាក់ ​ម្តង​ទៀត​ហើយ​។​

ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អ៊ីរ៉ាក់​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ ឆ្លើយ​តប​ជា​បន្ទាន់ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​អ៊ីរ៉ាក់​៕ AFP/SK​