បន្ទាប់​ពី​កិច្ច​ពិភាក្សា​រយៈពេល​ ២​ ថ្ងៃ​នៅទី​ក្រុង Cairo​ ក្រុម​ប្រឆាំង​ប៉ាឡេស្ទីន​ជាច្រើន​រួម​ទាំង ​គណបក្ស​ ហ្វាតា​ និង​ក្រុម​ហាម៉ាស ដែលបាន​ប្រកាសនៅ​ល្ងាច​ថ្ងៃអង្គារ​នេះថា ​ពួកគេ​បាន​ឈានដល់​កិច្ច​ព្រមព្រៀង​លើ​បញ្ហា​មួយចំនួន​ទាក់ទង​នឹងការ​បោះឆ្នោត​ទូទៅនា​ពេល​ខាងមុខ។

ទោះជា​យ៉ាងណា​ក្រុមនេះ​មិនទាន់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បញ្ចប់ការ​ប្រេះឆា​រវាង​ គណបក្ស​ហ្វាតា ​និងក្រុម​ហាម៉ាស ​នៅ​ឡើយទេ​។

ផ្ទុយ​ទៅវិញ​យន្តការ​ថ្មីនេះ​នឹង​សំរេចចិត្ត​បង្កើត​គណៈ​កម្មាធិការ​មួយ​ដែល​នឹង «ដោះស្រាយ​នូវ​ផលវិបាក​នៃ​ការ​បែងចែក​ទឹកដី ​វេសប៊ែង​ (West Bank) ​និង​ហ្គាហ្សា​ស្ទ្រីប (Gaza Stript) ក្នុង​គ្រប់​ទិដ្ឋភាព​បែប​មនុស្ស​សាស្រ្ត​សង្គម​ និង​បែប​ផ្លូវច្បាប់»។

គណៈ​កម្មាធិការ​នឹង​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​លោក ​Mahmoud Abbas ​ដែលនឹង​បញ្ជូន​បន្តទៅ​ឱ្យ​រដ្ឋាភិបាល​និង​រដ្ឋ​សភាថ្មី​សម្រាប់​ការ​អនុវត្ត​បន្ទាប់​ពី​ការ​បោះឆ្នោត​៕