ក្រុងដាក្កាៈ ក្រុមជនជ្រុលនិយមអ៊ិស្លាម ៧ នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិតនៅប្រទេសបង់ក្លាដែសកាលពីថ្ងៃពុធ ជុំវិញការវាយប្រហារយ៉ាងឃោរឃៅមួយនៅហាងកាហ្វេមួយកន្លែងនៅទីក្រុងដាក្កាកាលពីឆ្នាំ ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ ពួកគេភាគច្រើនជាជនបរទេស។
តុលាការពិសេសប្រឆាំងភេរវកម្ម បានចេញសាលក្រមនៅក្នុងបន្ទប់តុលាការមួយដែលមានមនុស្សចូលរួមស្តាប់យ៉ាងច្រើននៅក្នុងរដ្ឋធានីដាក្កា ដោយមានអង្គចៅក្រមលោក ម៉ូចីប៊ួរ រ៉ាហ៍ម៉ាន់ បានថ្លែងថា ក្រុមអ្នកវាយប្រហារទាំងនេះចង់ «ទាក់ទាញការចាប់អារម្មណ៍របស់ក្រុមរដ្ឋអ៊ិស្លាម»។
ការវាយប្រហារយ៉ាងសាហាវកាលពីខែកក្កដា ឆ្នាំ ២០១៦ បានបង្ហាញឲ្យឃើញថា ក្រុមប្រដាប់អាវុធវ័យក្មេងទាំងនេះ ដោយប្រើកាំភ្លើងវែងនិងកាំបិទវាយប្រហារឡោមព័ទ្ធហាងកាហ្វេហូលី អារទីសាន ប៊េកឃឺរីនៅក្នុងសង្កាត់ក្បែរខាងហ្គូលហ្សាន ដែលសម្បូរដោយក្រុមអ្នកមានរស់នៅក្នុងទីក្រុងដាក្កានោះ។ ក្រោយពីភាពជាប់គាំងអស់រយៈពេល ១០ ក្រុមកងកុម៉្មង់ដូសម្រុកចូលទៅក្នុងហាងកាហ្វេនោះ ហើយបានរំដោះចំណាប់ខ្មាំងជាង ២៤ នាក់។
លោកចៅក្រមរូបនោះបានថ្លែងថា ក្រុមជ្រុលនិយមទាំងនោះចង់«ធ្វើឲ្យសុវត្តិភាពសាធារណៈចុះខ្សោយ បង្កភាពចលាចលនិងបង្កើតរដ្ឋជីហាដមួយនៅក្នុងប្រទេសមួយនេះ» ដោយបានបន្ថែមថា អ្នកទាំង ៧ នាក់នោះ «នឹងត្រូវបានកាត់ទោសព្យួរក រហូតដល់ពួកគេ ត្រូវបានប្រកាសថាស្លាប់»៕ SK