ក្រុង​កាប៊ុលៈ ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​យុទ្ធជន​​តាលីបង់​បាន​សម្លាប់​កង​កម្លាំង​សន្តិសុខ ​១២ ​​នាក់​​ក្នុង​រយៈពេល ​៤៨ ​ម៉ោង​ចុង​ក្រោយ​​នៅ​ក្នុង​ការ​បន្ត​វាយ​ប្រហារ​​ក្នុង​ខេត្ត ​Badghis ​ភាគ​ខាង​លិច​អាហ្វហ្គានីស្ថាន​។​

នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​បំផុត​ទៅ​លើ​កង​កម្លាំង​អាហ្វហ្គានីស្ថាន ​ដែល​បាន​ប្រឈម​មុខ​ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញ​ខាត​បង់​អស់​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្រុម​យុទ្ធជន​តាលីបង់​កាល​ពី​សប្តាហ៍​មុន​បាន​វាយ​ប្រហារ​ក្រុម​ខ្សែ​បណ្តាញ​រដ្ឋាភិបាល នៅ​ក្បែរ​ក្រុង Bala Murghab ដោយ​ដណ្តើម​កាន់កាប់​យក​ទីតាំង​ឈរ​ជា​ច្រើន​​ផង​ដែរ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា​៖ «​វា​គឺ​ជា​សេចក្តី​ទុក្ខ​យ៉ាង​ក្រៀមក្រំ ​យើង​សូម​ប្រកាស​ថា ​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​ ទាហាន​​អាហ្វហ្គានីស្ថាន ​៨ ​នាក់ ​ហើយ​ប៉ូលិស ​៤ ​នាក់ ​ដែល​បាន​ប្រយុទ្ធ​យ៉ាង​​អង់អាច​ក្លាហាន​ និង​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ពួក​គេ ​ដើម្បី​ជាតិ និង​ប្រជាជន​បាន​ស្លាប់»​។​

សេចក្តី​ថ្លែងការណ៍​នោះ​ បាន​បន្ថែម​ទៀត​ថា ​ទាហាន ​១០ ​នាក់​ និង​ប៉ូលិស ​២៤ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​​​ដែល​បាន​បណ្តាល​ឲ្យ ​«​ភេរវករ​តាលីបង់ ​៩៩ ​នាក់​ស្លាប់​»​។​

ក្រុម​មន្ត្រី​បាន​ថ្លែង​ថា ប្រតិបត្តិ​ការ​បោស​សម្អាត​បាន​បន្ត នៅ​ក្នុង​ស្រុក​នោះ​ ហើយ​កម្លាំង​សន្តិសុខ​ បាន​ជួយ​ក្រុម​ការងារ​កាក​បាទ​ក្រហម​ដឹក​សាកសព​​យុទ្ធជន​តាលីបង់​ចេញ​ពី​សមរភូមិ ​ជាទី​ដែល​ពួក​គេ​បាន​ប្រយុទ្ធ​គ្នា​នោះ​៕ AFP/SK