ក្រុង​កាប៊ុល៖ ​ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​ ក្រុម​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​តាលីបង់​ បាន​កំណត់​គោលដៅ​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​សំខាន់ ​១ ​កន្លែង​ នៅ​ប្រទេស ​អាហ្វហ្គានីស្ថាន ​កាល​ពី​ថ្ងៃ​ពុធ​ជា​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​ ដែល​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល ​២ ​នាក់​ស្លាប់​ និង​មនុស្ស​ជាង ​៧០ នាក់​ផ្សេង​ទៀត​រងរបួស​ នៅ​ចំ​ពេល​ចាប់​ផ្តើម​បន្ត​ការ​ចរចា​សន្តិភាព​ឡើង​វិញ​រវាង​អាមេរិក ​និង​ក្រុម​យុទ្ធជន​តាលីបង់​។​

យោង​តាម​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​នៅ​ពេល​ព្រឹក​ព្រលឹម​បាន​ចាប់​ផ្តើម​នៅ​ពេល​អ្នក​វាយ​ប្រហារ​អត្តឃាត​ម្នាក់​ បាន​ចុច​បំផ្ទុះ​គ្រាប់​បែក​​បង្កប់​នៅ​ក្នុង​រថយន្ត​របស់​លោក​នៅ​ខាង​ក្រៅ​អគារ​មន្ទីរពេទ្យ​មួយ​​នៅ​ជិត​មូលដ្ឋាន​យោធា​បា្រហ្គាម​​នៅ​ខេត្ត​ប៉ារ​វ៉ាន់​ នៅ​ទីក្រុង​កាប៊ុល​ភាគ​ខាង​ជើង​។​

ក្រុម​មន្ត្រី​ក្នុង​តំបន់​បាន​ថ្លែង​ថា​ ខ្មាន់​កាំភ្លើង​ជាង ​៧ ​នាក់​ មាន​​ខ្លះ​ពាក់​អាវ​កាក់​បង្កប់​គ្រឿង​ផ្ទុះ ​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ដើរ​ចូល​ទៅ​ក្នុង​អគារ​នោះ​ ដែល​ស្ថិត​នៅ​ក្រោម​សំណង់​អគារ ​ហើយ​មិន​បាន​ធ្វើ​សកម្មភាព​ ដើម្បី​ប្រើប្រាស់​គ្រឿង​ផ្ទុះ​វាយ​ប្រហារ​ប្រឆាំង​មូលដ្ឋាន​យោធា ​US នៅ​ជិត​ទីនោះ​ទេ​។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​លោក​ ណាស្រាត​ រ៉ាហ៊ីមី​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ ជន​អត្តឃាត​ទាំង​អស់​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​នោះ​ បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អាហ្វហ្គានីស្ថាន ​និង​កងកម្លាំង​បរទេស​។​

លោក ​រ៉ាហ៊ីមី ​បាន​ថ្លែង​ថា ​ជន​ស៊ីវិល​យ៉ាង​តិច ​២ ​​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ ខណៈ​មនុស្ស ​៧៣ ​នាក់​ផ្សេងទៀត​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​នោះ​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ចម្ងាយ ​៣០០ ​ម៉ែត្រ ​ពី​ទី​នោះ​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​។​

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ដោយ​បញ្ជាក់​ថា៖ ​«​ទាហាន​​អាមេរិក​ និង​អាហ្វហ្គានីស្ថាន​​​ជាច្រើន​​នាក់​បាន​ស្លាប់ និង​រង​របួស​៕ AFP/SK