ក្រុង​កាប៊ុល៖ ​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​ បាន​​​ដក​បម្រាម​មួយ​មាន​​រយៈពេល​ច្រើន​ខែ​​​​ពី​គណៈកម្មាធិការ​​កាក​បាទ​ក្រហម​អន្តរជាតិ ​(ICRC) ​ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​តំបន់​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ធានា​ឲ្យ​មាន​​សន្តិសុខ​ឡើង​វិញ​សម្រាប់​អ្នក​ដែល​កំពុង​​បំពេញ​ការងារ​ឲ្យ​អង្គការ​នោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់ ​លោក ​Zabihullah ​Mujahid ​បាន​ថ្លែង​ថា ​ក្រុម​ជីវពល​ និង​ក្រុម​បុគ្គលិក​កាក​បាទ​ក្រហម​ «​បាន​យល់​ព្រម​អនុវត្ត​កិច្ច​ព្រមព្រៀង​ចាស់​ស្តីអំពី​ការ​សន្យា​ថ្មី​​​សំខាន់ៗ​នៅ​ក្នុង​ការ​ដឹកនាំ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ទឹក​ដី​អ៊ិស្លាម​ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​បុគ្គលិក ​ICRC ​បន្ត​សកម្មភាព​របស់​ពួក​គេ​ឡើង​វិញ​នៅ​ទីនោះ​»​។​

សេចក្តី​ថ្លែងការណ៍​នោះ ​បាន​បន្ថែម​ថា​ ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​តាលីបង់​ត្រូវ​បាន​គេ​ណែនាំ ​«​ឲ្យ​បើក​ផ្លូវ​សម្រាប់​សកម្មភាព​ការងារ ​ICRC ​និង​ត្រូវ​ផ្តល់​សន្តិសុខ​ និង​សម្ភារ​ជូន​ដល់​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​នេះ​»​។​

អ្នក​​នាំ​ពា​ក្យ​ប្រធានាធិបតី​អាហ្វហ្គានី​ស្ថាន លោក Sediq Sediqqi ថ្លែ​ងអំឡុង​សន្និ​សីទកាសែតនៅ​ក្រុង​កាប៊ុល​។ AFP

លោក​ Schaerer Juan ​Pedro ​ជា​ប្រមុខ ​ICRC ​ប្រចាំ​នៅ​ក្រុង​កាប៊ុល​ បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា៖ ​«​យើង​សូម​ស្វាគមន៍​ការ​ទទួល​ស្គាល់​នៃ​គោលការណ៍​មនុស្ស​ធម៌​របស់​យើង​ និង​ការ​ធានា​ឲ្យ​មាន​សន្តិសុខ​ឡើង​វិញ​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​ការ​គាំទ្រ​ដល់​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​​»​។​

កាល​ពី​ខែ​មេសា ​ក្រុម​បះបោរ​បាន​ដាក់​បម្រាម​ក្រុម​បុគ្គលិក​កាក​បាទ​ក្រហម ​និង​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ មិន​ឲ្យ​ធ្វើ​សកម្មភាព​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​នៅ​ក្នុង​តំបន់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​ និង​មិន​ធានា​សន្តិសុខ​ដល់​ពួក​គេ​ទៀត​ផង​។​

ក្រុម​តាលីបង់ ​មិន​បាន​លើក​ឡើង​អំពី​អង្គការ ​WHO ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ ដែល​ខ្លួន​បាន​ថ្លែង​ថា ​វា​បាន​កើត​ឡើង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​កាក​បាទ​ក្រហម​ ICRC ​នៅ​ក្នុង​ដូហា​។​

អ្នកនាំពា​ក្យ​ក្រសួង​មហាផ្ទៃ​​​លោក Nasrat Rahimi (ស្តាំ) ធ្វើ​សន្និ​សីទកា​សែត​​ក្រោយ​ ត្រាំ​ ចរចាជាមួយ​តាលីបង់។ AFP

កាល​ពី​ខែ ​សីហា​ ឆ្នាំ ​២០១៨ ​ក្រុម​តាលីបង់​ បាន​ដក​ការ​ធានា​សុវត្ថិភាព​ជា​បណ្តោះ​អាសន្ន​ជូន​ដល់​​អង្គការ ​ICRC នោះ​ ​ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​អង្គការ​អន្តរជាតិ​មួយ​នេះ ​ពី​បទ​ខក​ខាន​មិន​បាន​ដោះស្រាយ​កាតព្វកិច្ច​បេសកកម្ម​របស់​ខ្លួន​ ដើម្បី​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​អាហ្វហ្គានីស្ថាន​ និង​ផ្តល់​ជំនួយ​ថ្នាំ​ពេទ្យ​ទៅ​ឲ្យ​ក្រុម​អ្នក​ទោស​តាលីបង់​។​

នៅ​ពេល​មាន​ការ​ភ័យ​ខ្លាច​នៃ​អំពើ​ហិង្សា​កើន​ឡើង​កាន់​តែ​ខ្លាំង ​ជាមួយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​ កង​កម្លាំង​អាហ្វហ្គានីស្ថាន​ និង​ក្រុម​បះបោរ​តាលីបង់​ បាន​ជាប់​ទាក់ទង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ក្លា​នៅ​ទូទាំង​ប្រទេស​ អាហ្វហ្គានីស្ថាន​ ដោយ​មាន​ស្រុក​មួយ​ចំនួន​​ដែល​បាន​គ្រប់គ្រង​ដោយ​ក្រុម​ជីវពល​នៅ​ភាគ​ខាង​ជើង​​ បាន​ក្នុង​ដៃ​របស់​កងកម្លាំង​រដ្ឋាភិបាល​៕ AFP/SK