កាល​ពី​ថ្ងៃ​អង្គារ ទី ៩ កុម្ភៈ ក្រុម​នាវា​ចម្បាំង​អាមេរិក​ចំនួន ២ ធ្វើ​សមយុទ្ធ​រួម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​នាវា​ចម្បាំង​អាមេរិក ១ គ្រឿង​បាន​ធ្វើ​ដំណើរ​ជិត​កោះ​មាន​ជម្លោះ ដែល​គ្រប់គ្រង​ដោយ​ចិន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ កងទ័ព​ជើង​ទឹក​អាមេរិក​បាន​និយាយ​ថា ក្រុម​នាវា​ចម្បាំង Theodore Roosevelt និង​ក្រុម​នាវា​ចម្បាំង Nimitz បាន «ធ្វើ​លំហាត់​សមយុទ្ធ​ជាច្រើន​ ដើម្បី​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​ធនធាន​រួម ក៏​ដូចជា​សមត្ថភាព​បញ្ជា និង​គ្រប់គ្រង​ផង​ដែរ»។

សមយុទ្ធ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ចិន បាន​ថ្កោលទោស​ចំពោះ​ការ​បើក​នាវា​ចម្បាំង USS John S. McCain ទៅ​ជិត​កោះ​មាន​ជម្លោះ Paracel ដែល​គ្រប់គ្រង​ដោយ​ចិន។ អាមេរិក​បាន​និយាយ​ថា នាវា​នេះ​គឺ​បាន​ធ្វើ «បេសកកម្ម​សេរីភាព​នាវាចរណ៍» ដែល​ជា​លើក​ដំបូង​បេសកកម្ម​បែប​នេះ បាន​ធ្វើ​ក្រោម​ប្រធានាធិបតី Joe Biden៕