ក្រុង​បាងកក៖ ​ក្រុម​គណបក្ស​នយោបាយ​បាន​គាំទ្រ​​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ចាន-អូចា​ ដើម្បី​​ធានា​​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ខណៈ​គណៈកម្មាធិការ​សភា​កំពុង​សិក្សា​អំពី​ការ​កែប្រែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​បាន​ឯកភាព​គ្នា​ដំបូង​ ដើម្បី​ឲ្យ​អង្គភាព​សរសេរ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​ ត្រូវ​បាន​កំពុង​បង្កើត​ឡើង​ ដើម្បី​រៀបចំ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​ នៅ​ក្នុង​ប្រទេស​ថៃ ​បច្ចុប្បន្ន​។​

អនុ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោក ​នីភីត​ អ៊ីនតារ៉ាស៊ុមបាត់​ ដែល​ជា​សមាជិក​ម្នាក់​របស់​គណៈកម្មាធិការ​សភា​បាន​ថ្លែង​ប្រាប់​កាសែត​បាង​កក​ប៉ុស្តិ៍​ កាល​ពីថ្ងៃ​ពុធ​ថា​ លោក​បាន​ជឿ​ជាក់​លើ​​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ចាន-អូចា​ ​ដោយសារ​លោក​មាន​ភាព​ស្មោះត្រង់​ នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​​សរសេរ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​ ដោយសារ​វា​ជា​គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​សំខាន់ៗ​របស់​រដ្ឋាភិបាល​។​

«​លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ ​ចាន​-អូចា​ បាន​ថ្លែង​ថា ​លោក​នឹង​ស្តាប់​គណៈកម្មាធិការ​សភា​ ដែល​មាន​សមាជិក​ចំនួន ​៤៩ ​រូប​ មក​ពី​គណបក្ស​ផ្សេងៗ​គ្នា​»​។​

លោក ​នីភីត​ អ៊ីនតារ៉ាស៊ុមបាត់ ​បាន​ថ្លែង​ថា​៖ «​លោក​ក៏​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ជា​ច្រើន​ ឲ្យ​ប្រមូល​មតិ​យោបល់​ផ្សេងៗ​ពី​ក្រុម​អ្នក​តវ៉ា​និស្សិត​ និង​សាធារណជន​។​ លោក​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ចំពោះ​អ្វី​ដែល​ពួក​គេ​ត្រូវ​តែ​និយាយ​នៅ​ពេល​នេះ​។​ នេះ ​គឺ​ជា​កាយ​វិការ​ដ៏​ទន់​ភ្លន់​មួយ​របស់​លោក​»​។​

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ចាន​-អូចា ​កាល​ពី​ថ្ងៃ​អង្គារ​បាន​អះអាង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ​លោក​បាន​គាំទ្រ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​ ហើយ​​រដ្ឋាភិបាល​នឹង​បង្ហាញ​ឲ្យ​មាន​ការ​សរសេរ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​ខ្លួន​ឯង​ឡើង​វិញ ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​លើក​ក្រោយ​។​

លោក ​ប្រាយុធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​នៅ​ទូទាំង​ប្រទេស​នៅ​ខែ​ក្រោយ​ ដើម្បី​ប្រមូល​មតិយោបល់​ពី​ក្រុម​មនុស្ស​វ័យ​ក្មេង​។ ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មួយ​ គឺ​ធ្វើ​ទៅ​តាម​ការ​ទាមទារ ១​ ក្នុង​ចំណោម​ការ​ទាមទារ​ជា​ច្រើន​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​និស្សិត​ ដែល​បាន​រៀបចំ​តវ៉ា​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​គ្នា​ នៅ​ក្នុង​ប្រទេស​។​

លោក ប្រាយុធ បាន​ថ្លែង​ថា​ លោក​នឹង​ស្វែង​រក​ពេល​ ដើម្បី​ជួប​ជាមួយ​ក្រុម​និស្សិត​នៅ​ក្នុង​វេទិកា​មួយ​៕ BKP/SK