ក្រុងឡុងដ៍ៈ ក្រុមបំបែកខ្លួនSikh និងអ្នកគាំទ្ររបស់ពួកគេរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីលានTrafalgar នៃក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យមានការធ្វើប្រជាមតិមួយ ដើម្បីក្លាយទៅជាប្រទេសឯករាជ្យមួយដាច់ចេញពីប្រទេសឥណ្ឌា។
ពួកគេបានលើកបដាដែលសរសេរថា «ដោះលែង Punjab» បញ្ចប់ការកាន់កាប់របស់ឥណ្ឌា «ធ្វើប្រជាមតិ Punjab ឆ្នាំ 2020 សម្រាប់ Khalistan» និង «យើងនឹងបង្កើតរដ្ឋ Punjab ឡើងវិញ ដើម្បីធ្វើជាប្រទេសឯករាជ្យមួយ»។
ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុម Sikhs សម្រាប់យុត្តិធម៌ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងកាណាដា ហើយបានទាក់ទាញមនុស្សពីទូទាំងពិភពលោកដែលពួកគេជាច្រើនបានស្រែកពាក្យថា« Khalistan»។
រដ្ឋាភិបាលឥណ្ឌា បានបង្ហាញការព្រួយបារម្ភទៅដល់ក្រុងឡុងដ៍អំពីសកម្មភាពរបស់ក្រុមបំបែកខ្លួន Sikh ដែលចង់បង្កើតប្រទេស Khalistan នៅរដ្ឋPunjab ភាគខាងជើងឥណ្ឌា។
ការិយាល័យកិច្ចការបរទេស បានបញ្ជាក់ថា ខ្លួនបានពិភាក្សាអំពីការជួបជុំគ្នានេះជាមួយគណៈកម្មការជាន់ខ្ពស់ឥណ្ឌា ប៉ុន្តែស្រី្តអ្នកនាំពាក្យបានប្រាប់ AFP ថា៖ «ការតវ៉ាដោយសន្តិវិធី គឺជាផ្នែកដ៏សំខាន់មួយនៃសង្គមប្រជាធិបតេយ្យ»៕ NS